សពលោកជំទាវ សោ មុន្នីរ័ត្ន បានដឹកមកដល់គេហដ្ឋានវិញនៅម៉ោង១០ និង៣០នាទីយប់


ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោងប្រមាណ១០និង៣០នាទីយប់, សាកសពលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន ត្រូវបានដឹកមកដល់គេហដ្ឋានវិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណៃ។ នៅឯគេហដ្ឋានរបស់លោកជំទាវ សោ មុន្នីរ័ត្ន ក៏មានថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឃ ប្រជាជលរដ្ឋ បាននិមន្ត និងអញ្ជើញមកជួបជុំគ្នាយ៉ាងច្រើនកុះករ ក្នុងទឹកមុខក្រៀមក្រំ យំសោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់លោកជំទាវ សោ មុន្នីរត្ន ដែលជាថ្នាក់ដឹកនាំល្អមួយរូបតែងតែគិតគូដល់ជាតិ ប្រជាជន និងជាពុទ្ធបរិស័ទដ៏ល្អ តែងតែជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក។

សូមបញ្ជាក់ថា៖ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានទទួលមរណៈភាពនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសាគ្រោះថ្នាក់ចរាចរ នៅលើផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ១០៣- ១០៤ ក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងជន្មាយុ៥៦ ឆ្នាំ។ ក្នុឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះ គឺមានមនុស្សចំនួន៣នាក់ ដែលបានរួមដំណើរជាមួយលោកជំទាវ សោ មុន្នីរ័ត្ន មានៈ កូនប្រុសពៅរបស់លោកជំទាវ សោ មុន្នីរ័ត្ន ឈ្មោះ គឺន ណាំឆូក ជាអ្នកបើកឡាន និង  ជំទាវ ម៉ុក ណាឌី អាយុ៤៩ឆ្នាំ អភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់៕ ដោយ៖ វួច ពឿន