មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហការស្រាវជ្រាវជីករុករក ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបាន ពលីជីវិតក្នុងសង្គ្រាម ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នារសៀលថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨, ឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទីខេត្តប៉ៃលិនបានមានប្រសាសន៍ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងកងកំលាំងប្រដាប់អាវុធ ទាំងបីស្ថាប័ន ត្រូវបន្តខិតខំធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយអ្នកជំនាញការនៃខេត្តតៃនីញ និងខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តទៅកាន់មាតុប្រទេសវិញ។ ឯកឧត្តបានមានប្រសាសន៍ថាៈ ចាប់តាំងពីឆ្នាំ ២០០៥ មក យើងបានសហការល្អជាមួយអង្គភាព ៥១៥ នៃយោធភូមិភាគទី៧ និងបញ្ជាការដ្ឋានយោធាខេត្តតៃនិញ (ក្រុមការងារ K70) ដោយយើងធ្វើមក បានចំនួន ១៧ជំហានរួចមកហើយ និងបានរកឃើញមានសពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៩០សព សំរាប់ធ្វើមាតុភូមិវិវត្ត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅជំនាហានបន្តបន្ទាប់នេះ អង្គភាពតំបន់ប្រតិប័ត្តការសឹករងខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋផងដែរ ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តការល្អបន្តទៀតជាមួយភាគីវៀតណាម ក្នុងការចុះសិក្សាស្រាវជ្រាវអំពីព័ត៌មាន ទីកន្លែងទុកដាក់សព របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងភូមិសាស្រ្តរបស់ខ្លួន អោយបានតាមផែនការកំណត់ ។
លោកឧត្តមសេនីយ៏ត្រី ង្វៀន មិញហ្វ៊ាង អនុប្រធាននយោបាយនៃយោធភូមិភាគទី៧ ក្នុងនាម គណៈកម្មការជំនាញរុករកអដ្ឋិធាតុនៃរដ្ឋាភិបាលវៀតណាម បានមានប្រសាសន៏ថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំខេត្តប៉ៃលិន អង្គភាពតំបន់ប្រតិបត្តការសិករងខេត្តដែលបានសហការល្អ ក្នុងការងាររុករកអដ្ឋិធាតុកន្លងមក ដោយទទួលលទ្ធផលល្អប្រសើ។
លោកបានមានប្រសាសន៍ថាៈ ការរុករកអដ្ឋិធាតុនេះ មិនអាចធ្វើទៅបានដោយគ្មានកិច្ចសហការពីអាជ្ញាធរ និងអង្គភាពជំនាញខេត្តប៉ៃលិនបានទេ ដែលជាអ្នកស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ សំរាប់នាំផ្លូវទៅកាន់ចំនុចកប់សពទាំងនោះ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន