រសៀលថ្ងៃសុក្រ ១៥រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានក្លឹបបាល់ទាត់ សួនរីករាយ មានរៀបចំកម្មវិធីបើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម ផាន់ ចាន់ធុល ដើម្បីអបអរសាទរ ខួបទី៤០ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៨ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ ជឹម ចំណាន នាយករងទីចាត់ការការងារព្រំដែន ប្រចាំទិសយោធភូមិភាគទី៥ និងលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ទៀតផងដែរ។
បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា៖ ការប្រកួតដណ្តើមពានរង្វាន់ ឯកឧត្តម ផាន់ ចាន់ធុល ដើម្បីអបអរសាទរ ខួបទី៤០ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៨ នាពេលនេះ គឺធ្វើការប្រកួតរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃ អាទិត្យ មានរយៈពេល ១ខែ ដោយចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដែលការប្រគួតនេះជាលក្ខណៈសន្សំពិន្ទុក្នុងជុំ ដើម្បីយកចំណាត់ថ្នាក់ លេខ ១ ដល់លេខ ៥ ដោយមានក្រុមកីឡាបាល់ទាត់ ចូលរួមប្រកួតចំនួន ០៨ក្រុម ដែលមានចំនួន ២ពូល គឺ ពូល A និងពូល B។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡាគ្រប់ប្រភេទ និងបានធ្វើឱ្យវិស័យកីឡានៅទូទាំងប្រទេសមានការរីកចម្រើនយ៉ាងខ្លាំង ហើយបានទទួលជ័យលាភីជាបន្តបន្ទាប់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៍បានថ្លែងអំណរគុណដល់ ឯកឧត្តមឧត្តមសេនីយ៍ទោ ជឹម ចំណាន ម្ចាស់ក្លឹបបាល់ទាត់ សួនរីករាយ ដែលបានផ្តល់ទីលាន និងថវិកា ក្នុងការរៀបចំការប្រកួតដណ្តើមពានរង្វាន់នេះឡើង ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាក្នុងខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន ជាពិសេសបានផ្តល់ឱកាសដល់យុវជនបានបង្ហាញនូវសមត្ថភាព បង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាកីឡាករដ៏ល្អសម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។ នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រកួតតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយជាសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ហើយនាំគ្នាលេងកីឡាដើម្បីសុខភាព។ ពិនិត្យ កែសម្រួល៖ វួច ពឿន