គណៈកម្មាធិការត្រួតពិនិត្យគ្រឿញៀនខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨


នៅសាលាខេត្តប៉ៃលិន ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន, គណៈកម្មាធិការត្រួតពិនិត្យគ្រឿញៀនខេត្ត បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿញៀនខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោកអភិបាលក្រុង/ស្រុក លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ស្ថានភាពនៃការជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតែមានការកើតឡើងច្រើន ហើយចរឹកនៃបទល្មើសកាន់តែមានភាពស្មុគ្រស្មាញជាងមុន។ ដូច្នេះអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាពលរដ្ឋយើងផងដែរ ត្រូវរួមគ្នាទប់ស្កាត់ និងបន្តផ្សព្វផ្សាយពីផលបះពាល់ពីការប្រើប្រាស់គ្រឿងញៀនអោយបានទូលំទូលាយបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរភូមិ-ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់គ្រឿងញៀន និងកំណត់មុខសញ្ញាជួញដូរ ប្រើប្រាស់ ឲ្យបានច្បាស់លាស់ និងចាត់វិធានការដែលមានប្រសិទ្ធភាពបំផុត ក្នុងការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំ នៅតាមតំបន់គោលដៅ ដូចជា៖ នៅតាមសណ្ឋាគារ ក្លឹបកំសាន្ត កន្លែងស្រ្តីរកស៊ីផ្លូវភេទជាដើម ហើយក៏ត្រូវស្វែងរកការសហការជាមួយប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយឲ្យពួកគាត់ចូលរួម ផ្តល់ព័ត៌មានពីការជួញដូរ ប្រើប្រាស់គ្រឿងញៀន ដើម្បីធ្វើការបង្រ្កាប ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ទទួលបានប្រសិទ្ធភាពខ្ពស់។

បើតាមរបាយការណ៍របស់លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា៖ នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៨នេះ សមត្ថកិច្ចបង្ក្រាបបានករណីគ្រឿងញៀន ចំនួន ៤៤លើក និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩៥នាក់ ស្រី ០៤នាក់ ក្នុងនោះ ការជួញដូរគ្រឿងញៀនចំនួន ២៨នាក់ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៦៧នាក់ រួមទាំងវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លា ចំនួន ៦៨កញ្ចប់តូច ទម្ងន់ ៦២,៧១ក្រាម និងថ្នាំយ៉ាម៉ា ចំនួន ៤៨គ្រាប់ ទម្ងន់ ០,៤៩ក្រាម៕ ពិនិត្យ និងកែសម្រួល៖ វួច ពឿន