នៅស្រុកសាលាក្រៅ, រសៀលថ្ងៃសុក្រ ៨រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិចិ្ចការ ឆ្នាំ២០១៨ មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានរៀបចំកម្មពិធីមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរបុរាណ សម័យថ្នាក់ខេត្ត លើកទី៧ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកជំទាវ សោមុន្នី រ័ត្ន អភិបាលរងខេត្តប៉ៃលិន។ ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់លោក-លោកស្រីនាយរងរដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក ព្រំ រដ្ឋា ប្រធានស្តីទីមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានអោយដឹងថា៖ ការបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរបុរាណ សម័យថ្នាក់ខេត្ត លើកទី៧ ឆ្នាំ២០១៨ នេះ គឺជាការផ្តល់ឱកាសដល់បេក្ខជន បេក្ខនារីគ្រប់ស្រទាប់ បានបញ្ចេញសមត្ថភាព និងទេព្យកោសល្យរបស់ខ្លួនលើផ្នែកសិល្បៈកំណាព្យ និងចម្រៀងខ្មែរ ទាំងសម័យ និងបុរាណ ក្នុងន័យការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍនូវវប្បធម៌ សិល្បៈរបស់ជាតិខ្មែរយើងមិនអោយបាត់បង់។ លោកបានបន្តថាៈ ការរៀបចំកម្មវិធីមហោស្របនេះ ក៏ជាការផ្សព្វផ្សាយ ដល់មហាជន ប្រជាជននៅគ្រប់មូលដ្ឋាន អោយបានយល់ជ្រាបពីវប្បធម៌ប្រពៃណៃរបស់ជាតិខ្មែរ និងបានចូលរួមការពារ អភិរក្សអោយបានគង់វង្សតកូនតចៅបន្តទៀត។
លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ ការរៀបចំបើកមហាស្រពសិល្បៈ ក្រោមប្រធានបទ ” សិល្បៈកំណាព្យ និងចំរៀងខ្មែរសកល ”នេះគឺ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជារដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្ស ការថែរក្សាការពារ និងការលើកស្ទួយធនធានវប្បធម៌ជាតិអោយមានការរីកចំរើន។ លោកជំទាវអភិបាលបានបន្តថាៈ មហាស្រពថ្ងៃនេះពិតជាមានលក្ខណៈល្អប្រសើណាស់សំរាប់ខេត្តប៉ៃលិនយើង ដោយសារការជ្រើសរើសបេក្ខជន បេក្ខនារី ដែលមានទីលំនៅក្នុងខេត្ត និងផ្តោតខ្លឹមសារសំខាន់ទាក់ទងទៅនឹងខេត្តប៉ៃលិនតែម្តង។
សូមបញ្ជាក់ថា៖ មហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរបុរាណ សម័យ ថ្នាក់ខេត្ត លើកទី៧ ឆ្នាំ២០១៨ បានប្រារព្ធធ្វើឡើងរយៈពេល១ថ្ងៃ និងមានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន២៥នាក់ ស្រី៩នាក់ លើវិញ្ញាសារចំរៀងសម័យ និងចំរៀងប្រពៃណី។ ក្នុងនោះបេក្ខជន បេក្ខនារីដែលទទួលជ័យលាភ័យមាន៖ ទី១/ ផ្នែកចំរៀងសម័យៈ លេខ១បានទៅលើ កញ្ញា ហែ ផាន់ដា និងលោក សឹង ប៊ុន ធួន។ លេខ២ បានទៅលើ កញ្ញា មឿន ស្រីដា នឹងលោក សាម ទូច។ លេខ៣ បានទៅលើ កញ្ញា រ៉ុម សុខហៀង និង លោក វ៉ាន់ សុភក្រ្ក ។ ទី២/ផ្នែកចំរៀងបុរាណៈ លេខ១ បានទៅលើ លោក វឿត សាវីត នឹងកញ្ញា នួតលឿត។ លេខ២ បានទីលើលោក ពៅ តាំង នឹងកញ្ញាប៉ុក ប៉ិច និង លេខ៣ បានទៅលើលោក វិន ធន់។ បេក្ខជន បេក្ខនារី ដែលប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានលិខិតជ័យលាភី១ និងថវិកា ៤០ម៉ឺនរៀល, លេខ២ ទទួលបានលិខិតជ័យលាភី១ និងថវិកា ៣០ម៉ឺនរៀល, ចំណែកលេខ៣ ទទួលបានលិខិតជ័យលាភី១ និងថវិកា២០ម៉ឺនរៀល។ ដោយឡែកបេក្ខជន បេក្ខនារីដែលមិនបានប្រឡងជាប់ចំនួន ១៨នាក់ ក្នុង១ម្នាក់ទទួលបានប័ណ្ណកិត្តិយស១ នឹងថវិកា ១២ម៉ឺនរៀល ផងដែរ។
ពិនិត្យ កែសម្រួល៖ វួច ពឿន