នៅសាលាបឋមសិក្សាអូរតាវ៉ៅ, ព្រឹកថ្ងៃសុក្រ ៨រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំទិវាជាតិ លើកកម្ពស់អនាម័យជនបទ ១៣វិច្ឆិកា លើកទី៩ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន។ ទិវានេះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន លោកអភិបាលក្រុង តំណាងស្នងការនគរបាលខេត្ត លោកចៅសង្កាត់ លោកមេភូមិ អង្គការដៃគូពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។
បើតាមរបាយការណ៍របស់លោក ហ៊ត ឬទ្ធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានអោយដឹងថា៖ នៅក្នុងខេត្តប៉ៃលិនមានត្រាអ្នកប្រើប្រាស់ទឹកដែលមានការកែលម្អចំនួន ១០,២៧០គ្រួសារ ស្មើនឹង ៦១% ។ ដោយឡែកចំពោះអត្រាអ្នកប្រើប្រាស់បង្គន់ អនាម័យមានចំនួន ១០,៤៧៥គ្រួសារ ស្មើនឹង ៦១% ផងដែរ។ លោកបន្តថាៈ រាជរដ្ឋាភិបាលកម្ពុជា កំពុងដើលើផ្លូវជាវិជ្ជមានមួយ ដែលឈានសម្រេចទិសដៅរបស់ខ្លួន ក្នុងការជំរុញឲ្យប្រជាជននៅជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០២៥។ លោកបានបន្តទៀតថាៈ ក្នុងទស្សនវិស័យនៃគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺបានកំណត់ថាឆ្នាំ ២០២៥ ប្រជាពលរដ្ឋនៅជនបទគ្រប់រូបត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងមានអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព។
ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានអាននូវសារលិខិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី៩ ឆ្នាំ២០១៨ ដែលបានផ្តល់នូវអនុសាសន៍ទាំង៥ចំណុច សំខាន់ៗ សំដៅឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ជម្រុញល្បឿននៃការអនុវត្តន៍កម្មវិធីលើកកម្ពស់អនាម័យ ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយកៀរគរធនធាន និងធ្វើសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ ទិវាជាតិលើកកម្ពស់អនាម័យជនបទពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការយល់ដឹងពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សារលិខិតបានរំលឹកពីការវឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថាៈ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាមានមោទនភាព ដែលអត្រារីកចម្រើនផ្នែកអនាម័យមានការកើនឡើង ពោលគឺ លើសគោលដៅអភិវឌ្ឍន៍សហវត្សកម្ពុជា ដែលបានកំណត់យកត្រឹមតែ ៣០% នៅឆ្នាំ២០១៥ និងលើសគោលដៅផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលបានកំណត់យកត្រឹមតែ ៦០% នៅឆ្នាំ ២០១៨។ សារលិខិតវាយតម្លៃខ្ពស់ចំពោះមន្ទីរ ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវិស័យឯកជន ដែលបាននឹងកំពុងគាំទ្រវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការជម្រុញប្រជាពលរដ្ឋឲ្យយល់ដឹងអំពីសារៈសំខាន់នៃប្រតិបត្តិការអនាម័យ ដូចជា ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ឲ្យមកប្រើប្រាស់បង្គន់អនាម័យវិញជាដើម៕
ពិនិត្យ កែសម្រួល៖ វួច ពឿន