រសៀលថ្ងៃសុក្រ ៩រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ចុះជួយសាងសង់ផ្ទះ ១ខ្នង ទំហ៊ំ 5.5m x 4.5m ជូនដល់លោកយាយចាស់ជរាក្រីក្រម្នាក់ ឈ្មោះ ឈួន ស៊្រិន អាយុ ៧៣ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានមានប្រសាសន៍ថា៖ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ថ្ងៃនេះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចុះមកជួយកសាងផ្ទះជូនលោកយាយ ឈួន ស៊្រិន អាយុ ៧៣ឆ្នាំ, មានចៅម្នាក់ក្នុងបន្ទុក, ដើម្បីមានទីលំនៅមួយដែលសមរម្យសំរាប់ស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ លោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ ការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងបានខិតខំគៀងគររកសប្បុរសជន និងការចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ប្អូនៗ យុវជន ស.ស.យ.ក គឺជាកំលាំងស្នូលនៃការងារមនុស្សធម៌សព្វបែបយ៉ាងរបស់លោកជំទាវ បាន ស្រីមុំ ហើយកំលាំងទាំងអស់នេះស្ម័គ្រចិត្តប្រើអស់កំលាំងកាយ បញ្ញា ស្មារតីដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលដែលបងប្អូនប្រជាពលរដ្ឋយើងជួបការលំបាក, តាមរយៈលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន។ ឯកឧត្តម ហុក សុផល ក៏បានណែនាំអោយប្អូនៗយុវជន ស.ស.យ.ក ទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើការងារអោយអស់ពីចិត្ត ពីកាយ រៀនលត់ដំខ្លួនអោយបានល្អ ដើម្បីក្លាយជាទំពាំងដ៏ល្អសំរាប់ស្នងឬស្សីនាថ្ងៃអនាគត់។
សូមបញ្ជាក់ថា៖ ផ្ទះលោកយាយ ដែលយុវជន ស.ស.យ.កខេត្ត បានជួយសាងសង់ជូននេះ គឺមានទទឹង ៤,៥ម៉ែត្រ បណ្តោយ ៥,៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដោយលោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភសម្ភារៈ និងថវិកា ក្នុងការសាងសង់ទាំងស្រុង។
ពិនិត្យ កែស្រួល៖ វួច ពឿន