ព្រឹកថ្ងៃច័ន្ទ ៥កើត ខែកក្តឹក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិចិ្ជកា ឆ្នាំ២០១៨ នៅមន្ទីរសេដ្ឋកិច្ច និង ហិញ្ញវត្ថុខេត្តប៉ៃលិន មានបើកកិច្ចប្រជុំដេញថ្លៃភាស៊ីផ្សារទាំង៥ នៅទូទាំងខេត្តប៉ៃលិន សំរាប់ឆ្នាំ២០១៩ រួមមានផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ផ្សារប៉ាហ៊ីជើង ផ្សាប៉ាងរលឹម ផ្សារព្រំថ្មីនិង ផ្សាសាលាក្រៅ ដែលកិច្ចប្រជុំដេញថ្លៃនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី នាយក នាយករងទីចាត់ការហិញ្ញវត្ថុសាលាខេត្ត លោកអភិបាលក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរ លោកមេឃុំ/ចៅសង្កាត់ ម្ចាស់ផ្សារ និងអាជីវករអ្នកដេញថ្លៃជាច្រើននាក់ទៀតផងដែរ។
លោក ឃឹម សួរ តំណាងក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ ការកំណត់តម្លៃភាស៊ីផ្សារនៅទូទាំងខេត្តប៉ៃលិនសម្រាប់ឆ្នាំ២០១៩នេះ មាន៖ ទី១/តូបលក់ទំនិញគ្រប់ប្រភេទក្នុង១តូប តម្លៃ៥០០រៀល ក្នុងមួយថ្ងៃ ។ ទី២/រានលក់ទំនិញគ្រប់ប្រភេទ ១រាន តម្លៃ៥០០រៀល ក្នុងមួយថ្ងៃ។ ទី៣/ផ្ញើរកង់គ្រប់ប្រភេទ ១គ្រឿង តម្លៃ២០០រៀល ក្នុងមួយលើក។ ទី៤/ផ្ញើរម៉ូតូគ្រប់ប្រភេទ ១គ្រឿង តម្លៃ៥០០រៀល ក្នុង១លើក។ ទី៥/ម្ចាស់ឆ័ត្រ ១កន្លែង តម្លៃ៣០០រៀលក្នុងមួយថ្ងៃ។ ទី៦/រយន្តផ្ទេរទំនិញក្នុងផ្សារ ១គ្រឿង តម្លៃ១០០០រៀល ១លើក។ ទី៧/ផ្ញើររថយន្តគ្រប់ប្រភេទ ១គ្រឿង តម្លៃ១០០០រៀល ក្នុង១លើក។ ទី៨/តូប ឬរាន ដែលមានទំហំធំជាង៤ ម៉ែត្រការ៉េ ថែម ១ម៉ែត្រការ៉េ ១០០រៀលក្នុងមួយថ្ងៃ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ យើងត្រូវមានការប្រជុំពិភាក្សាគ្នារវាងគណៈកម្មាធិការផ្សារទាំង៥ ក្នុងខេត្តប៉ៃលិន នឹងអ្នកដេញថ្លៃ ភាស៊ីផ្សារ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីធ្វើការដេញថ្លៃភាស៊ីផ្សារអោយបានត្រឹមត្រូវ និងស្របតាមច្បាប់របស់រដ្ឋ សំដៅការរកចំណូលជូនរដ្ឋ ក៏ដូចជាការបំរើសេវាកម្មទីផ្សារជូនប្រជាពលរដ្ឋ អាជីវករ អោយបានសមស្រប មិនអោយមានការគេងប្រវ័ញ្ច គាបសង្កត់នោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ទាំងម្ចាស់ផ្សារ នឹងអ្នកដេញថ្លៃភាស៊ី ក៏ត្រូវស្តាប់ការណែនាំរបស់មន្ទីរសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុដែលជាអង្គភាពជំនាញ និងត្រូវអនុវត្តតាមការណែនាំ និងកិច្ចកុងត្រាផាស៊ីផ្សារដែលបានដេញថ្លៃរួចមកនេះ អោយមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ អ្នកដេញថ្លៃភាស៊ីផ្សារទាំងអស់ ត្រូវសហការជាមួយម្ចាស់ផ្សារ នឹងក្រុមអាជីវករទាំងអស់ ធ្វើការអនាម័យ និងកែលំអ សោភ័ណភាពផ្សារអោយបានស្អាតជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញ ប្រើប្រាស់សេវាកម្មរបស់ ខ្លួន។
សូមបញ្ជាក់ថា៖ ផ្សារទូទាំងខេត្តប៉ៃលិនមានចំនួន៥ ផ្សារ គឺផ្សាសាមគ្គី ហៅផ្សារប៉ាហ៊ី ផ្សារប៉ាហ៊ីជើង ផ្សាប៉ាងរលឹម ផ្សារព្រំថ្មី និងផ្សាសាលាក្រៅ។ ឆ្លងតាមការដេញថ្លៃរយៈពេលពេញមួយព្រឹករួចមក ជាលទ្ធផល គឺអ្នកស្រី ជា សុខហេង ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សាសាមគ្គី , លោកស្រី គង់ វណ្ណា ទទួលបានសិទ្ធគ្រប់គ្រប់គ្រង យកផាស៊ីនៅផ្សារប៉ាហ៊ីជើង និងលោកស្រី ប្រាក់ ស្រីមុំ បានទទួលសិទ្ធគ្រប់គ្រង យកផាស៊ីលើផ្សារប៉ារលឹម, ផ្សារសាលាក្រៅ និងផ្សាព្រំថ្មី៕
ពិនិត្យ កែសម្រួល៖ វួច ពឿន