ឯកឧត្តម ចេង ញ៉ាន់៖ សេដ្ឋកិច្ចខេត្តប៉ៃលិន មានចំនួន៧១,៩លានដុល្លារ នៅឆ្នាំ២០១៧ ស្មើនឹង០,៣២% នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា


មានប្រសាសន៍នៅក្នុង​កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ផលិតក្នុងស្រុកសរុប(GDP)ឆ្នាំ២០១៧ របស់ខេត្តប៉ៃលិន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តប៉ៃលិន, ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ សេដ្ឋកិច្ច​ខេត្តប៉ៃលិនមានអត្រា​កំ​ណើន៧,១% ។ អត្រា​កំណើននេះមានការកើន​ឡើង បើប្រៀបធៀបនឹង ឆ្នាំ​២០១៦ដែលមានអត្រា​កំណើន៦,២% ។ ចំណូលមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ មានប្រមាណជាង១០០០$ ​នៅឆ្នាំ២០១៧ ដែលឆ្នាំ២០១៦ ដែលមានចំនួន​ប្រមា​ណ៩៨៧,៦ ​$។ ឯកឧត្តមបានមានប្រសាស​ន៍បន្ត​ទៀត​ថា៖  ​តាមស្ថិតិ​ផលិត​ផលក្នុងខេត្តប៉ៃលិនបានបង្ហាញពីវឌ្ឍនភាព នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន​ ពីមួយ​ឆ្នាំ​ទៅមួយឆ្នាំ ហើយតាមទិន្នន័យនៃការធ្វើស្ថិតិនេះ យើងក៏បានយកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ការធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំគោល​នយោបាយ និងផែនការអភិវឌ្ឍន៍ខេត្ត ក្រុង/ ស្រុក ឃុំ/ សង្កាត់ ឲ្យមានភាព​រីកចម្រើន​ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជា ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត​ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។​

ឯកឧត្តម ទុយ ចំរើន    អនុរដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍សំដែងនូវ​ការកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនលើផ្នែកសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន តាមរយៈការរីកចម្រើន នៃជីវភាពរស់​នៅ​របស់​​​ប្រជាពលរដ្ឋក្នុងខេត្ត។​ ឯកឧត្តមបានបន្តថា ជីវភាពរបស់ប្រជាពលរដ្ឋក្នុង​ខេត្ត​ប៉ៃលិន មានសន្ទុះកើនឡើងជាងគេ បើប្រៀបធៀបទៅនឹងបណ្តាខេត្តផ្សេងៗនៅទូទាំងប្រទេស។ ហេតុនេះហើយទាមទារឲ្យខេត្ត មានទិន្នន័យ GDP ប្រាកដប្រជាមួយ និងត្រូវបែងចែកឲ្យបានច្បាស់លាស់នូវតួរលេខ GDPថ្នាក់ជាតិ និង GDP ថ្នាក់ខេត្ត កុំឲ្យមានភាពច្របូកច្របល់គ្នា ដើម្បីឲ្យខេត្តមានផែនការអភិវឌ្ឍន៍មួយ ប្រកបដោយចីរភាព ប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព ក្នុងបរិបទនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ពិនិត្យ កែសម្រួល៖ វួច ពឿន