ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៨ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍បានដឹកនាំក្រុមការងារចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរសុខាភិបាលខេត្តប៉ៃលិន និងអង្គការដៃគូពាក់ព័ន្ធជាច្រើននាក់ទៀត, នៅសាលាខេត្តប៉ៃលិន ដើម្បីស្វែងរកការសហការ សម្របសម្រួលការងារធ្វើតេស្តឈាមរកមេរោគអេដស៏ និងជំងឺអេដស៏ដោយរថយន្តចល័តនៅក្នុងខេត្តប៉ៃលិន។
ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍សំដែងក្តីសោមនស្សរីករាយ ស្វាគមន៍ដល់ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៏ ដែលនឹងចុះមកពិនិត្យធ្វើតេស្តឈាមរកមេរោគអេដស៏ និងជំងឺអេដស៏ដោយរថយន្តចល័តនៅក្នុងខេត្តប៉ៃលិន ដែលការងារនេះនឹងជួយដល់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្តក្នុងការគ្រប់គ្រង និងក្តាប់បានច្បាស់លាស់បន្ថែមទៀតនូវទិន្នន័យនៃអ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ក្នុងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍នេះបន្តទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ជម្ងឺអេសដស៏ក៏នៅតែជាជម្ងឺមួយដែលគួរឲ្យព្រួយបារម្មណ៍ ហើយអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ អង្គភាពពាក់ពន្ធ អង្គការដៃគូ តែងតែយកចិត្តទុកដាក់បង្ការទប់ស្កាត់អោយមានប្រសិទ្ធភាព។
ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍បានប្រសាសន៏ថា៖ បច្ចុប្បន្នបញ្ហាជម្ងឺអេដស៍នៅតែជាបញ្ហាចម្បងដែលក្រសួងសុខាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយអោយបានទូលំទូលាយ ធ្វើយ៉ាងណាលុបបំបាត់ជម្ងឺអេដស៍នេះ អោយអស់នៅតាមសហគមន៍ និងប្រទេសជាតិទាំងមូល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ បញ្ហាប្រជាពលរដ្ឋចំណាកស្រុក ក៏ជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ផងដែរ ដែលប្រឈមខ្ពស់ទៅនឹងការចម្លងមេរោគអេដស៍ ពីបុគ្គលមួយទៅបុគ្គលមួយ និងពីកន្លែងមួយទៅកន្លែងមួយទៀត។ ការចំលងមេរោគអេដស៍ក្នុងចំណោមក្រុមគោលដៅ ដែលជាស្រ្តីបម្រើការងារនៅសេវាកម្សាន្ត ក្រុមបុរសស្រលាញ់បុរស និងក្រុមអ្នកបំឡែងភេទជាដើម គឺមានអត្រាខ្ពស់លើការចម្លងមេរោគអេដស៍ ដែលគិតមកទល់ពេលនេះ យើងបានសម្រេចការធ្វើតេស្តឈាមទៅលើមនុស្សជាង១១,០០០នាក់ រួចមកហើយ។ ឯកឧត្តមបានបន្តថា គម្រោងធ្វើតេស្តឈាមរកមេរោគអេដស៏ និងជំងឺអេដស៏ដោយរថយន្តចល័តនេះ បានគ្របដណ្តប់លើខេត្តចំនួន១០ នៃប្រទេសកម្ពុជា ដែលរួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប កំពង់ធំ រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើតេស្តឈាមរកមេរោគអេដស៏ និងជំងឺអេដស៏ តាមរថយន្តចល័តនាពេលខាងមុខនេះដោយស្ម័គ្រចិត្ត និងដោយរក្សាការសម្ងាត់ ក្នុងករណីសង្ស័យមានផ្ទុកមេរោគអេដស៍។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៨, មន្ទីរបានធ្វើតេស្តឈាមលើស្ត្រីមានផ្ទៃពោះចំនួន៥៧០នាក់។ ដោយឡែកការធ្វើតេស្តឈាមលើអតិថិជនទូទៅនៅ VCCT ចំនួន១៣៩នាក់ និងបានរកឃើញវិជ្ជមានចំនួន៨នាក់៕
ពិនិត្យ កែសម្រួល៖ វួច ពឿន