ស្របពេលដែលទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងរៀបចំបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែនស្រុកសាលក្រៅ ក៏បានរៀបចំពិធីនេះដូចគ្នានេះដែរ ស្របពេលដែលវិទ្យាល័យនេះគ្រោងនិងបញ្ចប់ការសាងសង់ក្នុងដំនាច់ខែនេះ ។ អគារបីខ្នងកំពស់ពីរជាន់រួមនិងអន្ទេវាសិកដ្ឋានសម្រាប់គ្រូ និងសិស្ស រួមនិងបណ្ណាល័យនេះ ជាសមិទ្ធិផលនៃចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានអញ្ជើញជាអធិបតី នៃបើកបវេសនកាលនាព្រឹកថ្ងៃទី ០២ ខែវិចិ្ចកា ឆ្នាំ២០១៨ នេះ បានមានប្រសាសន៏សំដែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំនៅទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តប៉ៃលិន សម្តេចក៏បានផ្តោតកាយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៏លើវិស័យអប់រំ ដែលពីមុនប៉ៃលិនជាតំបន់ដែលរងគ្រោះដោយសារសង្រ្គាមរវាងខ្មែរ និងខ្មែរ និងជាតំបន់សមរភូមិដ៏ក្តៅបំផុតផងដែរ ។ ឯកឧត្តមបន្តថា សង្រ្គាមដែលអ្នកជំនាន់មុនបានបង្កើតឡើង តាមរយះនៃការជ្រៀតជ្រែតពីសំណាក់មជ្ឍដ្ឋានខាងក្រៅបានធ្វើអោយប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្រ្គាម ហើយប្រទេសជាតិរងការបំផ្លាញដល់ឬសគល់ ប៉ុន្តែសុបិន្តអាក្រក់នៃប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្រាប់ប្រជាជនដែលដែលនៅតាមជួរបន្ទាត់ព្រំដែនកម្ពុជា ថៃ ត្រូវបានបិទទំព័រប្រវត្តិសាស្រ្តដ៏ជូរចត់នេះ តាមរយះនៃការបញ្ជប់ភ្លក់ភ្លើងសង្រ្គាម ដោយបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាំចក្រកម្ពុជា ដែលជាមគ្គុទេសដ៏ឆ្នើម និងបាននាំនាវាកម្ពុជាមកកាន់ត្រើយនៃសន្តិភាព និងអភិវឌ្ឍន៏។ ឯកឧត្តមក៏បានសំដែងការអបអរយ៉ាងក្លៀវក្លាចំពោះព្រឹត្តិការណ៌ជាប្រវត្តិសាស្រ្តនៃការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលរហូតមកដល់ឆ្នាំ២០១៨នេះមានអាយុកាល២០ឆ្នាំគត់ ពោលគឺផ្តើមចេញពីការដាក់អោយអនុវត្តន៏នូវគោលនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ខែ ធ្នូ ឆ្នាំ១៩៩៨ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦នេះ ក៏បានរំកិលយុទ្ធសាស្រ្តចតុកោណទៅកាន់តំណាក់កាលទី៤ ដែលនៅតែបន្តផ្តោតលើវិស័យអាទិភាពនៃការកសាងអភិវឌ្ឍធនធានមនុស្សអោយស្ថិតនៅក្នុងមុំទីមួយ ក្នុងចំណោមមុំដ៏ទៃទៀតនៃយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤នេះ។ ជាមួយនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្តឯកឧត្តមក៏បានសំណូមពរអោយលោកគ្រូ អ្នកគ្រូត្រូវបន្តការខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សានុសិស្សអោយបានទៀងទាត់ស្រមតាមផែនការបង្រៀនរបស់ក្រសួងអប់រំយុវជននិងកីឡា ធ្វើយ៉ាងណាអោយកូនៗ ក្មួយទទួលបានការសិក្សាប្រកបដោយបរិយាបណ្ណ ដូចពាក្យរបស់ក្រសួងអប់រំយុវជន និងកីឡា “ អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់អប់រំ ” និង បានសំនូមពរដល់ សិស្សានុសិស្ស គ្រប់រូប ត្រូវយកចិត្តទុកដាក់គោរពវិន័យអោយបានល្អ និងខិតខំរៀនសូត្រ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន អំពើអប្បាយមុខគ្រប់ប្រភេទ និងត្រូវចូលរួមគោរច្បាប់ចរាចរណ៏អោយបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្តិភាព រក្សាបាននូវសេចក្តីថ្លៃថ្នូរ របស់សង្គមជាតិយើងទាំងមូល។
លោក តង់ធារ៉ា ប្រធាន មន្ទីរអប់រំយុវជននិងកីឡាបានអោយដឹងថា៖ អគារសិក្សាថ្មីដែលត្រូវដំណើរការចូលសិក្សារៀនសូត្រនេះជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញចុះពិនិត្យស្ថានភាពសិក្សាអប់រំនៅក្នុងខេត្តប៉ៃលិនកាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ២០១៦ កន្លងទៅនេះ ក្នុងស្ថានភាពដែលសាលាវិទ្យាល័យចាស់មានស្ថានភាពលំបាកក្នុងការធ្វើដំណើរបស់លោកគ្រូ អ្នក និងសិក្សានុសិស្ស ហើយសាលានេះមានស្ថានភាពដីទំទាបដែលរងការគម្រាមគំហែងដោយទឹកជំនន់ជន់លិចជារៀលរាល់ឆ្នាំ ដូច្នេះចាំបាច់ត្រូវធ្វើការផ្លាស់ទៅតាំងសាលាទៅកាន់កន្លែងថ្មី ។ អគាថ្មីដែលមានលក្ខណៈស្តង់ដារវិទ្យាល័យនេះនិងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌមថ្មីសម្រាស់ថ្នាលបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋខេត្តប៉ៃលិនប្រកបដោយគុណភាព សោភ័ណ្ឌភាព និងផាសុខភាពផងដែរ។
ក្នុង ឱកាស នោះដែរឯកឧត្តម ក៏បានប្រគល់ថវិការដល់លោក គ្រូអ្នកគ្រូចំនួន ៤៦នាក់ ក្នុងមួយម្នាក់ៗ ទទួល បាន២ម៉ឺន រៀល នឹងសិស្សានុសិស្សចំនួន៨០០នាក់ ដែលក្នុង១ម្នាក់ៗ ទទួល បាន សៀវភៅ១ ក្បាល ប៊ុច១ដើម ចំណែកសិស្សានុសិស្សស្មូតកំណាព្យ នឹងសិស្សានុសិស្សឡើងប្តេជ្ញាចិត្ត ចំនួន៦នាក់ ឯកឧត្តមក៍បានប្រគល់កង់ចំនួន៦កង់ ដែលក្នុងមួយម្នាក់ៗ ទទួលបានកង១ ផងដែរ។ ក្នុងនោះដែរលោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននឹងកីឡាខេត្តក៍បានប្រគល់ប័ណ្ណសសើរដែលសិស្សានុសិស្សប្រឡងជាប់ជ័យលាភីចាប់ពីចំណាត់ថ្នាក់លេខ១ រហូតដល់លេខ៥ សរុបចំនួន៥០នាក់ផងដែរ៕