ឯកឧត្តម ផាន់ ចាន់ធុល៖ គុណភាណអប់រំ និងគុណធម៌ សីលធម៌ គឺជាការងារចាំបាច់ សំរាប់ផ្តល់ដល់សិស្សានុសិស្សរបស់យើង


មានប្រសាសន៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន កាលពីព្រឹកព្រស្បត្តិ៍៨រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក   ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិចិ្ចការ ឆ្នាំ២០១៨, ឯកឧត្តមផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ គុណភាពនៃការអប់រំ និងគុណធម៌ សីលធម៌ គឺជាការចាំបាច់ សំរាប់ផ្តល់ជូនដល់សិស្សានុសិស្សទាំងអស់របស់យើង ព្រោះពួកគេទាំងអស់នោះ គឺជាទំពាំងស្នងឬស្សី ត្រូវបន្តវេណពីយើងគ្រប់គ្នា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅថ្ងៃអនាគត់ សិស្សានុសិស្សទាំងអស់នោះ គឺជាថ្នាក់ដឹកនាំ ជាមន្រ្តីរាជការ ជាបញ្ញាវន្ត ជាសហគ្រិន និងជាប្រជាពលរដ្ឋល្អក្នុងសង្គម។ ដូច្នេះសមត្ថភាព ជំនាញវិជ្ជាជីវៈ សីលធម៌ គុណធម៌ គឺចាំបាច់ ដែលពួកគេទាំងអស់គ្នាត្រូវតែមាន ដើម្បីសង្គមជាតិរបស់យើងមានការអភិវឌ្ឍរីកចំរើន និងមាននូវសុខ សន្តិភាព សណ្តាប់ធ្នាប់សង្គមល្អ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ លើវិស័យអប់រំជាតិ និងបានកសាងសាលារៀនយ៉ាងច្រើន តាំងពីឧត្តមសិក្សា រហូតដល់មត្តេយ្យសិក្សាសមគមន៍ និងតាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយ៉ាល។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ឆ្លើយតបនឹងគោលបំណងដ៏       ពិសិទ្ធរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់, សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រលើគ្រប់មុខវិជ្ជាក្នុងសាលា និងមិនត្រូវដើមលេងផ្តេសផ្តាស់ សេពគ្រឿងញៀន បងតូចបងធំអ្វីនោះឡើយ។ ឯកឧត្តម ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្សានុសិស្សប្រកបដោយវិជ្ជាជីវៈ មានឆន្ទះមនសិការខ្ពស់ ក្នុងការអប់រំសិស្ស ដោយគិតថា សិស្សទាំងអស់នោះក៏ជាកូន ជាចៅរបស់ខ្លួនដែរ។

បើតាមរបាយការណ៏ របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានអោយដឹងថា៖ ក្នុងឆ្នាំសិក្សា២០១៨- ២០១៩នេះ, មានសិស្សានុសិស្ស ៩៣,៦០% បានប្រលងជាប់​សញ្ញាប័ត្រ​មធ្យមសិក្សាបឋមភូមិ, និងមានសិស្សានុសិស្ស ៦២,៦០%  បានប្រឡង​ជាប់សញ្ញា​ប័ត្រមធ្យម​សិក្សា​ទុតិយ​ភូមិ(បាក់ឌុប) ហើយក៏មានសិស្សឆ្លងភូមិសិក្សា​ពីបឋមសិក្សា ទៅមធ្យម​សិក្សា​បឋមភូមិ ចំនួន៦៦,៥%។ ដោយ​ឡែក​គ្រឹះ​ស្ថាន​សិក្សាទូទាំងខេត្តប៉ៃលិនមាន ៩៧ សាលា, ក្នុងនោះមានវិទ្យាល័យចំនួន០២ សាលា, អនុ​វិទ្យាល័យចំនួន ០៩សាលា, បឋមសិក្សាចំនួន៤៩សាលា, មត្តេយ​សិក្សា​ចំនួន​ ២៥សាលា មត្តេយ្យសហគមន៍ចំនួន ១២កន្លែង។ ដោយឡែកសាលាមេត្តយ្យសិក្សា នឹងសាលាបឋមសិស្សឯកជន មានចំនួន ០៩សាលា។ សិស្សានុសិស្សសរុបទូទាំងខេត្តប៉ៃលិន មានចំនួន១៨០០០នាក់ ស្រី៩០០០នាក់, ក្នុងនោះទើបទទួលបាន​សិស្សថ្មីគ្រប់​អាយុ៦​ឆ្នាំ ចំនួនជាង ៧០០នាក់។ លោកគ្រូ អ្នកគ្រូមានចំនួន ៨០០នាក់ ស្រី៣៤៥នាក់, អាគាសិក្សាចំនួន១៤៧ខ្នង(ជាអគារថ្ម ប្រក់ក្បឿង) ក្នុងនោះមាន​អាគារថ្មីៗ ៣ជាន់, អគារ ២ជាន់ និងអន្តេវាសិកដ្ឋានគ្រូ និង សិស្ស ដែលជា​អំណោច​ដ៏ថ្លៃថ្លារបស់​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានជូនថវិកា ដល់លោក គ្រូអ្នកគ្រូចំនួន ១២០នាក់ ក្នុងមួយម្នាក់ៗទទួលបាន ២ម៉ឺនរៀល, សិស្សានុសិស្សចំនួន១៨០០នាក់ ក្នុង១ម្នាក់ៗ ទទួលបានសៀវភៅ ១ក្បាល ប៊ិក ១ដើម។ សិស្សសូត្រកំណាព្យចំនួន៣នាក់ ដោយម្នាក់ៗទទួលបានកង់ ១គ្រឿង ផងដែរ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន