ប៉ៃលិន៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តន៍ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ការងារ ០៩ខែ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានលេខាធិកានៃក្រុមការងារទី៧ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ អភិបាល អភិបាលរងក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងប្រជាការពារភូមិជាច្រើននាក់ផងដែរ។
ឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធធានាគារ និងជាប្រធានលេខាធិការនៃក្រុមការងារទី៧ បានមានប្រសាសន៍ថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានអនុវត្តន៍ការងារ ភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អ ជាពិសេសបានការពារទប់ស្កាត់បទល្មើសផ្សេងៗ មានដូចជា៖ គ្រឿងញៀន ល្បែងស៊ីសង ព្រៃឈើ ចោលួចចោប្លន់ សំដៅពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៍ដូចជាគោលនយោបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា៖ ដើម្បីអនុវត្តន៍គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាពខ្ពស់ រដ្ឋបាលខេត្ត/ក្រុង/ស្រុក ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសម្របសម្រួល ជំនួយស្មារតី ទាំងកំលាំង និងថវិកា ដល់នគរបាលនៅតាមប៉ុស្តិ៍នានាក្នុងខេត្ត អោយបានរឹងមាំ សំដៅត្រួតពិនិត្យតាមដានសភាពការណ៍ បទល្មើស អោយបានច្បាស់លាស់ នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការបង្កាបង្ក្រាបបទល្មើសអោយបានទាន់ពេលវេលា ឆ្លើយតបទៅនឹងការប្រឡងប្រណាំង ភូមិ/ឃុំ មានសុវត្ថិភាព ឱ្យទទួលបានចំណាត់ថ្នាក់ល្អ ទន្ទឹមនឹងនេះត្រូវបន្តគាំទ្រអនុវត្តន៍ នឹងយកចិត្តទុកដាក់សាមគ្គីផ្ទៃក្នុងអោយបានល្អ ជាពិសេសប្រជុំជារៀងរាល់ខែ ដើម្បីដកពិសោធន៍ការងារ និងធ្វើរបាយកាណ៍ជូនដល់ថ្នាក់លើ ក្នុងការវាយតម្លៃ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យបានប្រទេសជាតិមានស្ថេរភាព សុខសន្តិភាព មានការអភិវិឌ្ឍលើគ្រប់វិស័យ ដូចជា៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាម ជាដើម ព្រមទាំងពង្រឹងពង្រីកសេដ្ឋកិច្ចជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់ធាធូ និងបង្កើនការអភិវិឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែការរីកចំរើនឡើង។ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញ និងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានព័ត៌មាន និងសភាពការណ៍ បទល្មើសថ្មី និងចាស់ ដែលកើតមានកន្លងមកអោយបានច្បាស់លាស់ ហើយត្រូវបន្តចុះស្រាវជ្រាវរកមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន នៅតាមភូមិ/ឃុំ/សង្កាត់ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប អោយបានទាន់ពេលវេលា ជាពិសេសត្រូវធ្វើវេទិការផ្សព្វផ្សាយជាសាធារណៈ ដើម្បីធ្វើការផ្សព្វផ្សាយស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅពង្រឹងការអនុវត្តនូវខ្លឹមសារទាំង ៩ចំនុចនៃគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាមួយគ្នានេះនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវសហការជាមួយជាជ្ញាធរមូលដ្ឋាន ចុះតាមបណ្តាខ្នងផ្ទះ ផ្តល់នូវសេវាសាធារណៈ និងផ្សព្វផ្សាយលិខិតបទដ្ឋាននានា ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ/ឃុំ/សង្កាត់។
សូមបញ្ជាក់ថា៖ លទ្ធផលការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព រយៈពេល៩ ខែ ឆ្នាំ២០១៨ គឺបានបង្ក្រាបបទល្មើសឧក្រិដ្ឋ មានចំនួន ៦លើក លើ ៨លើក ករណីឃាតកម្មមានចំនួន ៥លើក ករណីរំលោភសេពសន្ថវៈ មានចំនួន ១លើក បទល្មើសមជ្ឈឹម មានចំនួន ៥២លើក លើ ៤១លើក ករណីហឹង្សាដោយចេតនាមានចំនួន ២០លើក ករណីហឹង្សាក្នុងគ្រួសារមាន ២លើក ករណីឆបោក រំលោភលើសេចក្តីទុកចិត្ត ៧លើក ករណីលួចឆក់ មាន ២៣លើក លទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស មានចំនួន ៨៣លើក ក្នុងនោះបង្ក្រាបជាក់ស្តែងមានចំនួន ៧៨លើក បង្ក្រាបតាមដីការមានចំនួន ៥លើក និងករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ១២លើក ស្មើនឹង២៤% ចំនួនមនុស្សស្លាប់ ៩នាក់ ស្មើនឹង ០% របួសមនុស្សថយចុះ ១៦នាក់ ស្មើ១៥% ខូចខាតម៉ូតូចំនួន ៤២ គ្រឿង និងរថយន្តចំនួន ២៣ គ្រឿង ករណីអគ្គីភ័យមានចំនួន ២លើកបណ្តាលអោយខូចខាតផ្ទះចំនួន ៣ខ្នង ករណីខ្យល់កន្រ្តាក់មានចំនួន ៤លើក បណ្តាលអោយខូចខាតដំបូលផ្ទះចំនួន ១៩ខ្នង៕ដោយ៖ ញ៉ឹប បូរី