អាជ្ញាធរខេត្តប៉ៃលិន ចុះឈូសឆាយកែលម្អសោភ័ណភាព និងរៀបចំសណ្តាប់ធ្នាប់តាមមាត់ស្ទឹងតារាបសំរាប់រៀបចំសង្ក្រាន្តឆ្នាំថ្មី


ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ហុក សុផល និងលោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមនឹងមន្រ្តីរាជការមួយចំនួនទៀត បានដឹកនាំគ្រឿងចក្រ ចុះឈូសឆាយ នៅតាមមាត់ស្ទឹងប៉ៃលិន ហៅស្ទឹងតារាប  ចាប់ពីចំនុចគល់ស្ពានផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានសន្តិភាព ដើម្បីរៀបចំ   សណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅតំបន់នោះ សំរាប់ការរៀបចំសង្ក្រានឆ្នាំថ្មី ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។

ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តប៉ៃលិននឹងរៀបចំអោយមាន   សង្រ្កានឆ្នាំថ្មី ដែលជាឆ្នាំដំបូងនៃការប្រារពកម្មវិធីនេះក្នុងខេត្តប៉ៃលិន សំរាប់ទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តក្នុងខេត្តប៉ៃលិន ក៏ដូចជាការបង្ហាញនូវប្រពៃណីវប្បធម៌ខ្មែរ ពិសេសប្រពៃណីរបស់អ្នកប៉ៃលិនអោយប្រជាជន មហាជន បានយល់ជ្រាប ក៏ដូចជាការផ្សាយនូវវប្បធម៌ដ៏ល្អផូផង់របស់ជាតិខ្មែរអោយពិភពលោកទាំងមូលបានដឹងផងដែរ។ ឯកឧត្តមបានបន្តថា យើងរៀបចំកម្មវិធីសង្រ្កានឆ្នាំថ្មីនេះ ក៏ដើម្បីបំផុសគំនិត ស្មារតីយុវជន យុវនារីខ្មែរជំនាន់ក្រោយអោយចេះស្រឡាញ់ និងចូលរួមអភិរក្សនូវប្រពៃណីវប្បធម៌ខ្មែរអោយបានគង់វង្សតរៀងទៅ ក៏ដូចជាការបណ្តុះនូវគំនិត ស្មារតី យុវជនយើង អោយចេះស្រឡាញ់ និងចេះសាមគ្គីភាព រួមកំលាំងគ្នា កសាងជាតិយើងអោយរីកចំរើនបន្តទៀត។

សូមបញ្ជាក់ថា៖ ក្រៅពីទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ អាជ្ញធរខេត្ត ក៏បានណែនាំដល់គ្រប់ម្ចាស់រមណីយដ្ឋានទេសចរទាំងអស់ក្នុងខេត្តប៉ៃលិន ត្រូវរៀបចំកែលម្អសោភ័ណភាពនៅទីកន្លែងរបស់ខ្លួនអោយបានល្អ ទាំងសេវាកម្ម និងសោភ័ណភាព ធ្វើយ៉ាងណាទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តក្នុងខេត្តប៉ៃលិនអោយបានច្រើន រួមមាន៖ រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ  រម្មណីយដ្ឋានវប្បធម៌ភ្នំយ៉ាត  រម្មណីយដ្ឋានស្ទឹងភ្នំដំបង រម្មណីយដ្ឋានអូរឈើក្រំ រម្មណីយដ្ឋានទឹកធ្លាក់ក្បាលដំរី  រម្មណីយដ្ឋានចំការខ្នុរ រម្មណីយដ្ឋានកូលាបប៉ៃលិន រម្មណីយដ្ឋានស្ទឹងតារាប រម្មណីយដ្ឋានភ្នំកុយ រីសតមែម៉ូរីយ៉ា រម្មណីយដ្ឋានអូរអែម   រម្មណីយដ្ឋានម្លប់សាវម៉ាវ និងរម្មណីយដ្ឋានរហាត់ទឹក៕

ពិនិត្យ និងកែសម្រួល៖ វួច​  ពឿន