ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅហែរអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រំវស្សានៅវត្តស្រែអន្ទាក់


ថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅ ដឹកនាំដោយលោក រាម​ សុមាន ប្រធានក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាហែរអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រំវស្សាអស់កាលត្រីមាស នៅវត្តស្រែអន្ទាក់ ស្ថិតក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក រាម​ សុមាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅបានមានប្រសាសន៍ថាៈ បុណ្យកឋិនទានសាមគ្គីនេះ គឺជាបុណ្យប្រពៃណីមួយ ក្នុងព្រះពុទ្ធសាសនាដោយនៅល្ងាចថ្ងៃទី៤រោច ខែអស្សុជ មានរៀបចំពិធីសូត្រមន្ត ថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល និងសំដែងធម៌ទេសនា។ លុះស្អែកឡើង ត្រូវជាថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានពិធីដង្ហែរអង្គកឋិនទាន និងវេរប្រគេនត្រៃចីវរ គ្រឿងបរិក្ខា និងបច្ច័យដែលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងក្រុមការងារ រុបចំនួន១៨.៩៨១.០០០រៀលជូនដល់ព្រះភិក្ខុសង្ឃ ជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។ លោក រាម ​សុមាន ក៏បានឧទ្ទិសនូវបុណ្យកុសលទាំងឡាយដែលកើតចេញពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះ វិញ្ញាណខ័ន្ធជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសូមឧទ្ទិសបុណ្យកុសលជូនចំពោះដួងព្រះវិញ្ញាខ័ន្ធព្រះមហាក្សត្រគ្រប់ព្រះអង្គ និងសូមជូននូវបុណ្យកុសលដល់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ជូនដល់សម្តេចម៉ែ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានមក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ។ បើ​ខុសពី​សម័យកាល​នេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច​ហៅថា កឋិនទាន បានដែរ ព្រោះ​ធ្វើ​ខុស​កាល​ទាន ពោលគឺ​មិនត្រូវ​តាម​ពុទ្ធានុញ្ញាត ។​ ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិន​ចូល​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត ត្រូវមាន​ភិក្ខុ ១​អង្គ​ដែរ ហើយ​ដែល​បាន​ចាំ​វស្សា អស់​៣​ខែ បាន​ត្រឹមត្រូវ ទើប​អាច​ហែ​កឋិន​ចូល​បាន​។​ អ្នកមាន​បសាទ​សទ្ធា បានធ្វើ​កឋិនទាន រមែង​ទទួលបាននូវ ទី១/ សុរូប​តា៖ មាន​រូប​ស្អាត ធ្វើ​ឲ្យ​បុរស​ស្ត្រី ឃើញ​ហើយ​ស្រលាញ់​ពេញចិត្ត ជា​រូប​មាន​សម្ផស្ស គេ​ស្ម័គ្រស្មាគម​និយម​មេត្រីភាព ។​ ទី២/សុវណ្ណ​តា៖ មាន​សម្បុរ​ស្អាត ម៉ដ្ឋខៃ ពុំមាន​ស្លាកស្នាម​ ឬ​ប្រជ្រុយ​ជាដើម មិន​ខ្មៅ​ស្រិល មិន​សស្គុស មិន​ពពាល​ពព្រុស គឺ​សម្បុរ​ល្អ​គួរ​ជាទី​ចាប់ចិត្ត​នៃ​អ្នកផង​ទាំងឡាយ ។​ ទី៣/ ​សុស​ណ្ឋា​នា៖ មាន​ទ្រង់ទ្រាយ​ ​កម្ពស់ រាងរៅ សមសួន​តាម​កាលសម័យ​នៃ​អាយុកប្ប​និ​មួយៗ ។​ ទី៤/ច​ក្ត​វ​ត្តិ​រាជា​ហោ​តិ៖ ត្រូវ​បានជា​ស្ដេច​ចក្រពត្រាធិរាជ ប្រកបដោយ​ទសពិធ រាជធម៌ ក្នុង​ជាតិ​ណាមួយ​ដាច់ខាត ។​ ទី៥/ឯ​ហិ​ភិក្ខុ៖ នឹង​បាន​ជួប​ព្រះ ប្រទះ​ធម៌ ក្នុង​អវសាន​ជាតិ ហើយ​សម្រេច​អរហត្តមគ្គ អរហត្តផល ដល់​ព្រះ​និ​ពា្វ​ន ។ បើ​ស្ត្រីភេទ ក៏​នឹង​បាន​លុះ​មគ្គផល ក្នុង​ជាតិ​ជាទីបំផុត​មិន​ខាន ៕ ដោយ៖ វួច ពឿន