ថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ធូ ភា, ឯកឧត្តម ហុក សុផល, ឯកឧត្តម ហែម ឬទ្ធី និងលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្ត និងលោក- លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត បានអញ្ជើញបើកការដ្ឋានកសាងផ្លូវបេតុងចំនួន២ខ្សែ នៅក្នុងភូមិវត្ត និងភូមិបឌិនៀវ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងចំណោមផ្លូវបេតុងទាំងពីរខ្សែនេះ, ផ្លូវខ្សែទី១ មានប្រវែង៧៨០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ៥៧ ជិតវិមានឯករាជ្យ, ក្នុងភូមិបរឌិននៀវ មកទល់ផ្លូវសាលាបឋមសិក្សារតនសោភ័ណ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ផ្លូវទី២ មានប្រវែងជិត៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ កាត់តាមផ្នែកសឹករងក្រុងប៉ៃលិន ស្ថិតក្នុងភូមិវត្ត ដោយចំណាយកញ្ចប់ថវិកាសាងសង់របស់រដ្ឋបាលខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ការកសាងផ្លូវបេតុងនេះ ក៏ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន ក្នុងការជួយសំរួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ និងការកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តមបានបន្តថា ផ្លូវបេតុងថ្មីទាំងនេះ គឺជាផ្លូវសំខាន់ ក្នុងទីប្រជុំជនក្រុងប៉ៃលិន ដែលអាជ្ញាធរខេត្តមានការយកចិត្តទុកដាក់ សំរាប់សំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការកែលម្អសោភ័ណភាពក្នុងទីក្រុងប៉ៃលិនផងដែរ។ ឯកឧត្តមបានបន្តទៀតថា ការកសាងផ្លូវបេតុងនេះ ក៏មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋមួយចំនួនតូច ដែលមានការប៉ះពាល់បន្តិចបន្ទួចដល់ចំណែកដី របងផ្ទះ ឬចំណែកផ្ទះរបស់ពួកកាត់។ តែយ៉ាណាក៏យើងត្រូវតែធ្វើ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋភាគច្រើន ហើយពួគកាត់ដែលរងប៉ះពាល់នោះក៏ទទួលបានផលប្រយោជន៍ដូចគ្នា ទោះបីមានការប៉ះពាល់បន្តិចបន្ទួច តែអត្ថប្រយោជន៍ដែលបានពីផ្លូវនេះមានច្រើនជាងអ្វីដែលពួកគាត់បានបាត់បង់ទៅទៀត តាមរយៈតម្លៃដីឡើងថ្លៃ ឱកាសនៃការបង្កើតមុខរបរថ្មី និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់ជាដើម។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួម និងគាំទ្រការកសាងផ្លូវនេះទាំងអស់គ្នា ដើម្បីគ្រួសារយើង និងសង្គមជាតិររបស់យើង៕
ដោយ៖ វួច ពឿន