ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពីការអភិវឌ្ឍដី នៅសាលាខេត្តប៉ៃលិន, ដោយមានការចូលរួមពីឯកឧត្តម ហុក សុផល អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក កងកំលាំងប្រដាប់អាវុធ លោក- លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកមេឃុំ ចៅសង្កាត់ និងលោកមេភូមិ សរុបជិត២០០នាក់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោជ ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំអោយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយកចិត្តទកដាក់អនុវត្តនូវច្បាប់, សេចក្តីណែនាំ, សេចក្តីប្រកាស ស្តីពីបញ្ហាដីធ្លីអោយបានត្រឹមត្រូវ ជៀសវាងមានបញ្ហាទំនាស់កើតឡើង ឬ ធ្វើអោយបាត់បង់ផលប្រយោជន៍ឯកជន ឬផលប្រយោជន៍សាធារណៈ និងអាចមានទោសពៃដល់ខ្លួនឯងទៀតផង។ ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកក៏ធ្លាប់មានករណីលោកមេភូមិ មេឃុំ និងមន្ត្រីជំនាញសញ្ញេទិញ- លក់ ដីរបស់ប្រជាពលរដ្ឋដោយមិនយល់ដឹងពីបញ្ហាដីទំនាស់នៅក្នុងដីនោះ ដែលបង្ករអោយមានការស្មុគ្រស្មាញក្នុងការដោះស្រាយ , មានករណីលួចធ្វើប្លង់កម្មសិទ្ធដោយមិនបំពេញតាមលក្ខ័ណ្ឌត្រឹមត្រូវ , មានការធ្វើប្លង់ដីភ្នំរបស់រដ្ឋ ដោយយកភ្នំថាជាដំបូក ឬជាទួលអ្វីជាដើម, ហើយក៏មានប្រជាពលរដ្ឋ ឬមន្រ្តីមួយចំនួន សង់លំនៅដ្ឋានលើដីចំណីផ្លូវសាធារណៈជាដើម។ ដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ លោកមេភូមិ មេឃុំ លោកអភិបាលក្រុង/ស្រុក ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំត្រងត្រាប់ និងស្វែងយល់ពីខ្លឹមសារសេចក្តីប្រកាសនេះ សំរាប់យកទៅអនុវត្តអោយទទួលបានលទ្ធផលល្អប្រសើ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពីការអភិវឌ្ឍដី នេះមានរយៈពេលពេញមួយព្រឹក ដែលសេចក្តីប្រកាសនេះគឺមានគោលបំណងទី១/ លើកកំពស់ការរៀបចំដីអោយបានត្រឹមត្រូវ និងចំគោលដៅ ដើម្បីធានាការអភិវឌ្ឍន៍ដែនដី និងនគររូបនីយកម្មប្រកបដោយចីរភាព តុល្យភាព និងប្រសិទ្ធភាព។ ទី២ ដើម្បីគ្រប់គ្រងការអភិវឌ្ឍដី បំបែកក្បាលដី ឬការបង្រួមក្បាលដីទៅជាដីឡូត៍សំរាប់លក់ ឬសាងសង់លំនៅដ្ឋាន អាគារឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរ។ ទី៣/ ដើម្បីលើកកំពស់ការអភិវឌ្ឍបៃតង សំរាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិជាយថាហេតុ៕
ដោយ៖ វួចពឿន