ល្ងាចថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិអូរស្ងួត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី កើត ស៊ីធាម ជាប្រធានក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកបក្សដែលរងរបួសដៃធ្ងន់ធ្ងរដោយម៉ាស៊ីនកាត់ដើមដំឡូង និង សមាជិកបក្សម្នាក់ទៀតដែលប្តីរបស់គាត់ជាប់គុកនៅប្រទេសថៃ បង្ករការលំបាកក្នុងការដោះស្រាយជីវភាពក្រុមគ្រួសារតែម្នាក់ឯង។
លោកស្រី កើត ស៊ីធាម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិអូរស្ងួតមានមានប្រសាសន៍សំដែងការអាណិតអាសូរដល់បងស្រីដែលរងរបួសដៃធ្ងន់ធ្ងរ ដោយសារម៉ាស៊ីនកាត់ដើមដំឡូង ក៏ដូចជាបងស្រីដែលមានស្វាមីជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ។ លោកស្រីបានមានប្រសាសន៍ថា ការងារជាច្រើនមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដល់ខ្លួនទៀតផង បើយើងមានការធ្វេសប្រហែសតែបន្តិចនោះ។ ជាក់ស្តែងករណីបងស្រីដែលរងរបួសដៃនេះ គឺជារឿងមួយដែលគួរអាណិតអាសូណាស់ ព្រោះក្រៅអំពីពិការដៃហើយ ក៏នាំអោយខាតបង់នូវធនធានថវិកាសំរាប់ព្យាបាល និងពេលវេលាសំរាប់រកទទួលទានប្រចាំថ្ងៃទៀតផង។ លោកស្រីក៏បានសំណូមពរសូមបងស្រី ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការងារទាំងពួង ពិសេសការងារជាមួយគ្រឿងម៉ាស៊ីននេះ មានគ្រោះថ្នាក់ណាស់ អាចបណ្តាលអោយមានរបួសស្នាម ឬអាចស្លាប់ក្នុងការណីភ្លាត់ ដោយប្រការណាមួយ។ លោកស្រី កើត ស៊ីធាម ក៏បានសំដែងការសោកស្តាយផងដែរ ចំពោះបងស្រីដែលមានស្វាមីកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ ដែលបង្ករការលំបាកដល់បងស្រីក្នុងការមើលថែទាំកូនចៅ និងរែកពុនការងារគ្រួសារតែម្នាក់ឯង។ លោកស្រីក៏បានសំណូមពរសូមអោយបងស្រី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើការចំណាកស្រុកដោយប្រថុយប្រថាន គ្មានច្បាប់អនុញ្ញាតិនោះឡើយ ព្រោះអាចនាំអោយមានផលលំបាកដល់ខ្លួឯង និងសង្គម។
ក្នុងឱកាសនោះផងដែរ លោកស្រី កើត ស៊ីធាម ក៏បានជួយឧបត្តម្ភនូវថវិកាដល់បងស្រីទាំងពីរនាក់ ដោយម្នាក់ៗទទួលបានថវិកា៥០០០០រៀល៕ ដោយ៖ វួច ពឿន