អាជ្ញាធរខេត្តប៉ៃលិន នាំយកសម្ភារៈទឹកស្អាតចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងចំនួន ១៥០គ្រួសារ នៅស្រុកសាលាក្រៅ


ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយ​ឯកឧត្តម ហែម ឫទ្ធី អភិបាលរងខេត្ត លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រី​រាជការ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងក្រុមការងារមួយចំនួនទៀត បានអញ្ជើញចុះសំណេះ​សំណាល​សួរសុខ​ទុក្ខ និងនាំយក​អំណោយជាសម្ភាៈទឹកស្អាត មកចែកជូនដល់ប្រជាប្រពលរដ្ឋចំនួន ១៥០គ្រួសារ នៅក្នុង​ស្រុកសាលា​ក្រៅ ដែលទទួលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង​នាពេលកន្លងមក។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត​ប៉ៃលិន បានណែនាំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នថែទាំសុខភាពអោយបានល្អ ព្រោះក្រោយ​ពីទឹកបានស្រកទៅ នឹងមានមេរោគជាច្រើនអាចបង្កជាជំងឺផ្សេងៗ ពិសេសជំងឺរាគរូស ដែលបង្ក​ពីទឹក​មិនស្អាត។ ឯកឧត្តមបានមានប្រសាសន៍ថា សុខភាពជាបញ្ហាចំបង ជាទ្រព្យសម្បត្តដ៏មានតម្លៃ​របស់​ប្រជាពលរដ្ឋ។ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី  មានការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាណាអោយប្រជាពលរដ្ឋកម្ពុជាយើងមានសុខភាពល្អ ពិសេសនៅតំបន់ជនបទ។ ឯកឧត្តមបា​ន​បន្តថា ការចែកជូននូវសម្ភារៈប្រើប្រាស់ទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់​ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់អនាម័យ និងសុខភាព របស់ប្រជាពលរដ្ឋ​ក្នុងស្រុកសាលា​ក្រៅ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមក, សំរួលដល់ការលំបាកខ្វះ​ខាតរបស់បង​ប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុង​ប្រយ័ត្ន​ជាមួយបញ្ហាគ្រោះធម្មជាតិ ដូចជា រន្ទះបាញ់ ​ទឹកជំនន់ ខ្យល់កន្រ្តាក់ជាដើម ព្រោះនេះជារដូវភ្លៀង ងាយរងនូវផលប៉ះពាល់​លើបញ្ហាទាំងអស់នេះ។

សូមបញ្ជាក់ថា សម្ភារៈទឹកស្អាតដែលអាជ្ញាធរខេត្ត នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋទាំង​១៥០គ្រួសារ​នេះ រួមមាន៖ ធុងចម្រោះទឹកស្អាតចំនួន ២៩, ធុងជ័រចំណុះ២០លីត្រ ចំនួន១៥០, ប៊ីដុងជ័រ​ចំណុះ២០លីត្រ ចំនួន១២១, ប៊ីដុងជ័របត់ចំណុះ២០លីត្រ ចំនួន១២១, សាប៊ូម្សៅ ចំនួន ១២១គីឡូ​ក្រាម, សាប៊ូដុំ ចំនួន ១២១ដុំ និងក្លរបោកគក់ ចំនួន១២១ដប ផងដែរ៕ ដោយ៖ វួច ពឿន