ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិបរតាំងស៊ូ និងភូមិអូរច្រាលិច ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំពិធីពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ដើម្បីថ្លែងអំណរគុណដល់ពួកគាត់ ដែលបានផ្តល់ការទុកចិត្ត បោះឆ្នោតគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទ័រនូវជ័យជំនះយ៉ាងច្រើនលើសលប់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ ពិធីពិសារអាហារសាមគ្គីនេះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា លោក ស៊ុន យី អនុប្រធានក្រុមការងា ព្រមទាំងសមាជិក សមាជិការក្រុមការងារមួយចំនួនទៀតផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍សំដែងការអរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិទាំងពីរ និងក្រុមការងារចុះជួយសង្កាត់បយ៉ាខាទាំងមូល ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសំរាប់អាណត្តទី៦បន្តទៀត ក៏ដូចជាការគាំទ្រលោកជំទាវ បាន ស្រីមុំ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន សំរាប់អាណត្តទី៦ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថាៈ បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជំរើសដ៏ត្រឹមត្រូវ ក្នុងទិសដៅគាំទ្រការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើន គាំទ្រនូវសុខ សន្តិភាព ភាពសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដូច្នេះយើងត្រូវរួមគ្នាបន្តទៀត ជំរុញការកាភិវឌ្ឍប្រទេសជាតិយើងអោយបន្តរីកចំរើន កសាងសុខ សន្តិភាព និងភាពស្មើមុខ ស្មើមាត់ នៅក្នុងឆាកអន្តរជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាយើង។ ឯកឧត្តមក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នថែទាំសុខភាពអោយបានល្អ ព្រោះសុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្តភាព របស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរ អំពើលួច-ប្លន់គ្រប់ប្រភេទ ការលេងល្បែងស៊ីសង ការជួញដូមនុស្ស ជួញដូរគ្រឿងញៀន បងតូចបងធំ ជាដើម…។ល៕ ដោយ៖ វួច ពឿន