ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រែអន្ទាក់ ចុះពិនិត្យផ្លូវក្នុងភូមិ ដែលជួបការលំបាកក្នុងការធ្វើដំណើរ


ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិស្រែអន្ទាក់ ក្នុងឃុំសាលាក្រៅ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ដឹកនាំដោយលោក នុត សោភិរក្ស ជាប្រធានក្រុមការងារ ​បានចុះពិនិត្យមើលផ្លូវ​នៅចំនុចតំបន់ខ្ជាយ ដែលមានការលំបាក​ក្នុងការធ្វើដំណើរ​របស់ប្រជាជនក្នុងភូមិ ដើម្បីរៀប​ចំគំរោង​ផែនការកសាងផ្លូវនេះឡើងវិញ សំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក នុត សោភិរក្ស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ​ជួយភូមិស្រែអន្ទាក់​បានមាន​ប្រសាសន៍ថាៈ ដោយ​មានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលក្ពុជា ដែលមានសម្តេច អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង​មានការ​ណែនាំដោយ​ផ្ទាល់​ពីឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជា​ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន, ក្រុមការងាររបស់គណបក្ស តែងតែចុះ​ដល់​មូលដ្នាន​របស់ប្រជាពលរដ្ឋ សិក្សាស្វែងយល់ពីទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់​ប្រជាពល​រដ្ឋ និងរួមគ្នា​ដោះស្រាយបញ្ហាទាំងនោះអោយបានឆាប់រហ័ស ទាន់ពេលវាលាជូនប្រជាពលរដ្ឋយើង។ លោកបាន​មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាជន និងជួយដល់ប្រជាជនរបស់​យើងជានិច្ច។ ទីណាមានទុក្ខលំបាក តែងមានវត្តមានរបស់ថ្នាក់ដឹកនាំសមាជិក សមាជិការ​គណបក្ស​ប្រជាជនកម្ពុជា ចេញមកជួយជាដរាប មិនទុកអោយពលរដ្ឋណាម្នាក់ រងទុក្ខវេទនា ដោយ​មិនមាន​ការជួយ​អន្តរាគមន៍​នោះឡើយ។ ក្នុងឱកាសនោះដែរ លោក នុត សោភិរក្ស ក៏បានជួបសំណេះ​សំណាល​ជាមួយប្រជា​ពលរដ្ឋ និងបានណែនាំអោយប្រជាពលរដ្ឋត្រូវមានការ​យកចិត្តទុកដាក់​ថែទាំ​សុខភាពអោយបានល្អ ត្រូវផឹកស្អាត ហូបស្អាត និងសំរានក្នុងមុង។​ ម្យ៉ាងទៀតក៏ត្រូវមានការប្រុង​ប្រយ័ត្នខ្ពស់ ការពារ​ទប់ទល់​នឹងគ្រោះធម្មជាតិ មាន៖ ខ្យល់កន្រ្តាក់ ទឹកជំនន់ ឬ រន្ទះបាញ់ជាដើម ព្រោះរដូវនេះ ជារដូវភ្លៀង មាន​ការប្រឈមខ្ពស់ ជាមួយនឹងគ្រោះធម្មជាតិទាំងនេះណាស់។

ឆ្លៀត​ពេលចូលទៅសួរសុខទុក្ខ ដល់អ្នកភូមិដែលមានជំងឺឈឺធ្ងន់ (បេះដូងស្អិត ) ឈ្មោះ ប៉ក់ អៀច ភេទស្រី អាយុ ៦៧ ឆ្នាំ ដោយបានឧបត្ថម្ភជាថវិកា ចំនួន ២០០.០០០ ៛ ផងដែរ​ ដើម្បីជួយសំរួល​ក្នុងជីវភាពគ្រួរសសារ ៕ ដោយ៖ វួច ពឿន