រូបសំណាកសម្តេចសង្ឃរាជ ជួន ណាត ធ្វើអំពីប្រាក់ កំពស់១ម៉ែត្រ ត្រូវបានកសាងរួចរាល់ តំកល់ទុកនៅវិទ្យាល័យហ៊ុន សែនក្រុងទេពនិម្មិត


រូបសំណាកសម្តេចសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ)  ធ្វើអំពីប្រាក់ កំពស់១ម៉ែត្រ និងគ្រិះបល្ល័ង្គ​អង្គត់​ផ្ចឹត១,៥ ម៉ែត្រ, កំពស់ ១,៧ម៉ែត្រ ស្ថិតនៅវិទ្យាល័យហ៊ុន សែនក្រុងទេពនិម្មិត ត្រូវបានកសាងរួចរាល់ ដោយ​ចំណាយថវិកាសរុប​ចំនួន​៧៥០០​​​ដុល្លា។ ពិធីសិតព្រះរូបសំណាកសម្តេចសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) នេះ​បានធ្វើឡើងនាថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅ​វិទ្យាល័យហ៊ុន សែនក្រុងទេពនិម្មិត ក្រោមអធិបតីភាព លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន និងមានការ​អញ្ជើញចូលរួមពីសំណាក់ ព្រះមេគណខេត្តទាំងពីគណៈ លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រះសង្ឃ សប្បុរស់ជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ជាច្រើន​នាក់ទៀត។

តាមប្រសាសន៍របស់លោកនាយកវិទ្យាល័យហ៊ុន សែនក្រុងទេពនិម្មិតបានអោយដឹងថាៈ ការសាងសង់រូប​សំណាក សម្តេចសង្ឃរាជ ជួន ណាត នេះ គឺកើតឡើងដោយការមូលមតិគ្នារវាងគណៈគ្រប់គ្រង គណៈទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងមានការសហការជាមួយព្រះមន្រីសង្ឃទាំងពីគណៈ និងមានការឯកភាពពីមន្ទីរអប់រំ យុវជន និងកីឡា។ លោកបានបន្តថាៈ ការកសាងរូបសំណាកនេះ គឺដើម្បីទុកជាសក្ការៈបូជា, ទុកសំរាប់អោយកូនខ្មែរ​ជំនាន់​ក្រោយបានស្គាល់ពីបិតាអក្សរសាស្រ្តខ្មែរ និងដើម្បីជាប្រយោជន៍សាធារណៈ​សំរាប់សិស្សគណ​ គ្រប់ស្រទាប់វណ្ណៈ​គោរពដឹងគុណ នូវកិត្តិគុណនេះ។

លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈ សម្តេចសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ជាអ្នកមានគុណូបការៈយ៉ាងធំធេងសំរាប់ជាតិខ្មែរ ពិសេសលើផ្នែកអក្សរសាស្រ្តរបស់ជាតិយើង។ សម្តេចជាអ្នកចារទុក និងផលិតនូវវច្ចនានុក្រមអក្សរសាស្រ្តខ្មែរ សំរាប់ទុកអោយកូនចៅជំនាន់ក្រោយសិក្សារៀនសូត្រ និងមានស្នាដៃកសាងសមិទ្ធិផលនានាជាច្រើនទៀត កាលពីសម័យរបស់ព្រះអង្គ។ លោកជំទាវបានបន្តថា ការកសាង​រូបសំណាកនាពេលនេះ គឺជាការប្រពៃថ្លៃថ្លាណាស់ សំរាប់ជាការរំលឹកនឹកគុណដល់ព្រះអង្គ និងសំរាប់អោយ​សិស្សា​នុសិស្ស ប្រជាពលរដ្ឋយើងបានស្គាល់ និងចងចាំព្រះអង្គទុកជារៀងរហូត។ លោកជំទាវ ក៏បានមានប្រសាសន៍ថ្លែង​អំណរគុណដល់មន្រ្តីសង្ឃទាំងពីគណៈ , គណៈគ្រប់គ្រង  គណៈទ្រទ្រង់សាលា អ្នកគ្រូ អ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែន​ក្រុងទេពនិម្មិត្ត ព្រមទាំងសប្បុរស់ជនទាំងអស់ ដែលបានចំណាយពេលវេលា និងថវិការមកជួយកសាងរូប​សំណាក​របស់សម្តេចសង្ឃរាជជួនណាត នៅក្នុងវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត្ត ដែលនេះជាសមិទ្ធផលថ្មីមួយទៀត​សំរាប់ខេត្តប៉ៃលិនរបស់យើង៕ ដោយ៖ វួច ពឿន