គ្លីនិក Animal MaMa ចុះពិនិត្យ និងព្យាបាលដល់សត្វឆ្កែ និងឆ្មា របស់ប្រជាពលរដ្ឋខេត្តប៉ៃលិនដោយឥតគិតថ្លៃ


ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្លឹបកំសាន្ត​ភ្នំយ៉ាត មានរៀបចំពិធីបើកការពិនិត្យ ព្យាបាល និងផ្តល់វ៉ាកសាំងដល់សត្វចិញ្ជឹមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន( សត្វ​ឆ្កែ និងសត្វឆ្មា) ដោយឥតគិតថ្លៃ, តាមរយៈគម្រោងកម្ពុជាគ្មានជំងឺឆ្កែឆ្កួត។ កម្មវិធីនេះរៀបចំឡើងដោយគ្លីនិក Animal MaMa សហការជាមួយក្លឹបកំសាន្តភ្នំយ៉ាត និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន។ ពិធីបើក​ការពិនិត្យ​ព្យាបាលនេះ ក៏មានការចូលរួមពីឯកឧត្តម  ហុក សុផល អភិបាលរងខេត្តប៉ៃលិន លោក សាយ សុផាត ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី យូ លៀរី ប្រធានគ្លីនិក Animal MaMa និងលោកគ្រូ អ្នកគ្រូ បសុពេទ្យ ​មកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ដាណឺម៉ាក កាណាដា អូស្រ្តាលី និងសហរដ្ឋអាមេរិចផងដែរ។

លោកស្រី យូ លៀរី ប្រធានគ្លីនិក Animal MaMa បានមានប្រសាសន៍ថា ដោយមានកិច្ចសហការល្អរវាងក្លឹប​កំសាន្ត​ភ្នំយ៉ាត និងមន្ទីរកសិកម្មខេត្ត, តាមយៈគម្រោងកម្ពុជាគ្មានជំងឺឆ្កែឆ្កួត, គ្លីនិច Animal MaMa បាន​ធ្វើការចុះ​ពិនិត្យ ព្យាបាល និងផ្តល់វ៉ាកសាំង ដល់​សត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន​ ដោយឥតគិត​ថ្លៃ រយៈ​ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨។ លោកស្រីបានបន្តថា ផែនការងារដែល​យើង​ត្រូវធ្វើរយៈ​ពេល៣ថ្ងៃនេះ មានដូចជា៖ ការផ្តល់វ៉ាក់សាំងសត្វការពារពីជម្ងឺ , វ៉ាក់សាំងឆ្កែឆ្កួត, ការទំលាក់សត្វល្អិត, ការក្រៀវសត្វ (គ្រប់គ្រងបរិមាណសត្វ) និងការព្យាបាលសត្វដែលមានជម្ងឺផងដែរ។

ឯកឧត្តម  ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ គ្លីនិក Animal MaMa និងដៃគូសហការទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងថវិកា ដើម្បីមកពិនិត្យ និងព្យាបាល សត្វ របស់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាលើកទី១ នៃការពិនិត្យ  និងផ្តល់វ៉ាក់សាំង ការពារជំងឺ លើសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដោយឥតគិតថ្លៃ។ ដូច្នេះសូមស្នើឱ្យ​មន្ត្រីជំនាញជាប់ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការសម្របសម្រួលអោយគ្លីនិក Animal MaMa ធ្វើសកម្មភាពការងារនេះ ដោយរលូនល្អ ទទួល​បានលទ្ធផលគាត់ប្រសើរ និងត្រូវចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានផុលផុស នាំយកសត្វឆ្កែ សត្វ​ឆ្មារបស់ខ្លួនមកពិនិត្យ ព្យាបាល និងផ្តល់វ៉ាកសាំងការពារជំងឺដល់សត្វទាំងនោះ៕ ដោយ ៖ វួច ពឿន