ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨, លោក នូ សុគន្ធ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និង លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្រ្តីរាជការសាលាស្រុក និងមន្រ្តីនៃការិយាល័យជំនាញជុំវិញស្រុក ចុះសំអាត និងដាំផ្កាលំអសួនរង្វង់មូលនៃទីប្រជុំជនស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបង្កើនសោភ័ណភាពស្រុកអោយមានភាពស្រស់បំព្រង ទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងឡាយមកទស្សនាខេត្តប៉ៃលិន។
លោក សំសារ៉េត អភិបាលស្រុកសាលាក្រៅបានមានប្រសាសន៍ថា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន តែងតែបានណែនាំចង្អុលបង្ហាញដល់រដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់លើការងារសំអាតបរិស្ថាន ការដាំដើមផ្កា ដាំដើមឈើ កែលំអសោភ័ណភាពក្នុងស្រុក អោយមានស្រស់បំព្រង។ លើសពីនេះក៏ត្រូវយកចិត្តទុដាក់ជាចាំបាច់ លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារអភិវឌ្ឍន៍ក្នុងស្រុកអោយមានការរីកចំរើន ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្រ្តីរាជការក្នុងស្រុកសាលាក្រៅ បានចុះសំអាត និងដាំផ្កានៅបរិវេណរង្វង់មូលស្រុកសាលាក្រៅនេះ ដើម្បីកែលំអសោភ័ណភាពប្រជុំជនស្រុក និងជាការដះស្មារតីប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់ អោយចេះស្រឡាញ់បរិស្ថាន និងចូលរួមសំអាតបរិស្ថានអោយបានស្អាតល្អទាំងអស់គ្នា៕ ដោយ៖ វួច ពឿន