ល្ងាចថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត គណៈមហានិកាយ និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី រួមនឹងព្រះសង្ឃ លោកអាចារ្យ គណៈកម្មាការវត្ត យាយជី តាជី និងពុទ្ធបរិស័ទជើងវត្តជាច្រើននាក់ទៀត បានរៀបចំកម្មវិធីគោរពព្រះវិញ្ញាណខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ, គម្រប់ខួប៦ឆ្នាំ(១៥ តុលា ២០១២- ១៥តុលា ២០១៨) នៅក្នុងអាវាសវត្តពោធិមារាម ហៅវត្តប៉ាហ៊ី។
ពិធីគោរពវិញ្ញាណខ័ន្ធនេះ បានធ្វើឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានធ្វើបទនមសិកា ថ្វាយបង្គំព្រះរតនត្រៃយ៍ សមាទានសីល និងថ្វាយនូវព្រះរាជកុសល ជូនចំពោះដួងវិញ្ញាណខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងបានថ្វាយនូវព្រះរាជកុសល ជូនចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាត់ដល់កូនចៅរបស់ព្រះអង្គតរៀងរហូតទៅ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការក្នុងខេត្តប៉ៃលិន និងប្រជាពលរដ្ឋទាំងអស់ សូមបានសុខ សន្តិភាព និងការអភិវឌ្ឍរីកចំរើនជារៀងរហូតទៅ៕ ដោយ៖ វួច ពឿន