ផ្លូវបេតុងមួយខ្សែប្រវែងជិត ១គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត កសាងឡើងនៅក្នុងភូមិបឌិនៀវ និងភូមិវត្ត


ផ្លូវចាក់បេតុងមួយខ្សែថ្មីទៀត ប្រវែងជិត១គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិ​លេខ៥៧, ជិតវិមានឯករាជ្យ, ក្នុងភូមិបរឌិននៀវ មកទល់ផ្លូវសាលាបឋមសិក្សារតនសោភ័ណ ក្នុង​ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, នឹងត្រូវបានអាជ្ញាធរខេត្ត​ចាប់ផ្តើមបើក​ការដ្ឋាន​សាងសង់​ក្នុង​ពេលឆាប់ៗនេះ សំរាប់សំរួលដល់ការធ្វើដំណើរររបស់ប្រជាពលរដ្ឋ ក៏ដូចជាការកែលំអ​សោភ័ណ​ភាព​ទីក្រុងអោយស្រស់ឆើតឆាយផងដែរ។

គំរោងកសាងផ្លូវបេតុងនេះ ក៏ត្រូវបានឯកឧត្តម ផាន់ ចាន់ធុល អភិបាល​នៃគណអភិបាល​ខេត្តប៉ៃលិន ព្រមទាំងមន្ទីរ អង្គភាពជំនាញចុះមកពិនិត្យ សិក្សាម្តងរួចមកហើយដែរ កាលពីពេលថ្មីៗ​កន្លងទៅនេះ។ ដោយឡែក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ក្នុង​នាមឯកឧត្តម ផាន់ ចាន់ធុល បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការចុះ​វាស់វែងអ័ក្សផ្លូវ និងចំណីផ្លូវ ដើម្បីធ្វើការស្ថាបនាផ្លូវបេតុងនេះ នាពេលខាងមុខតែម្តង ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណ​អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់​នៅ​របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ការកសាងផ្លូវបេតុងនេះ ក៏ជាគោលនយោបាយ​មួយ​របស់​រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន ​ក្នុងការជួយសំរួលដល់ការធ្វើ​ចរាចរ​របស់ប្រជា​ពល​រដ្ឋ ជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ និងការកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ លោក ស៊ុន យី ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវមានកិច្ចសហករល្អជាមួយមន្រ្តីជំនាញ សំរួលដល់ការងារកសាងផ្លូវបេតុងនេះ មានការអធ្យាស្រ័យ យោគយល់ខ្ពស់ និងមាន​ការបរិចាក​នូវ​ដីចំណែក​ណាមួយរបស់បងប្អូន ដែលប៉ះពាល់នឹងដីចំណីផ្លូវ ព្រោះផលប្រយោជន៍​នៃផ្លូវបេតុងនេះ មានតម្លៃធំធេងជាងចំណែកដីបន្តិចបន្ទួចរបស់បងប្អូន៕ ដោយ៖ វួច ពឿន