កំលាំនគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទួលល្វា និងប៉ុស្តិ៍សង្កាត់អូរតាវ៉ៅ ចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូម្នាក់


ថ្ងៃ​សៅរ៍​ ៤កើត​ ខែ​អស្សុជ​ ឆ្នាំ​ច​ សំរឹទ្វិស័ក ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០១៨​ កម្លាំងនគរបាលនៃអធិការក្រុងប៉ៃលិន​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទួលល្វា និងប៉ុស្តិ៍សង្កាត់អូរតាវ៉ៅ បានចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចម៉ូតូ តាមពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ​ រិន​ វីរៈ​ ភេទ​ ប្រុស​ អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិថ្មី​ សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។

លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធិ​ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹថា ដោយមាន​ពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ អំពីករណីចោរ​លួចម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 សេរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខប៉ៃលិន​ 1B-2201, កំលាំងរបស់​លោកបានធ្វើការតាមដាន ស្រាវជ្រាវ​​ កំណត់មុខសញ្ញាជនល្មើស​ ដើម្បីចាប់ឃាត់ខ្លួនផ្ទន្ទាទោស​តាមច្បាប់។ លោកបានបន្តថា លុះដល់វេលាម៉ោង​ ១៣:៣០នាទី, ថ្ងៃ​សៅរ៍​ ៤កើត​ ខែ​អស្សុជ​ ឆ្នាំ​ច​ សំរឹទ្វិស័ក ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០១៨,​ ដោយមានការរាយ​ការណ៍​ពីប្រជាការពារ​ភូមិ,​ រូបលោក​ បានដឹកនាំកំលាំង​នគរបាលនៃអធិការដ្ឋាននគរបាក្រុងប៉ៃលិន, កម្លាំងនគរបាល​ប៉ុស្តិ៍​សង្កាត់ទួលល្វា​ និងប៉ុស្តិ៍សង្កាត់អូរតាវ៉ៅ​ ព្រមជាមួយប្រជាការពារភូមិ បាន​ចុះឃាត់ខ្លួនជនសង្ស័យ​​​ម្នាក់ឈ្មោះ​ ប៉ាត​ ភន​ ភេទ​ប្រុស​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ ធ្វើចំការ​ រស់នៅភូមិថ្មី​ សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ដើម្បីមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា ករណីបាត់ម៉ូតូនេះ គឺនៅចំណុចភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ និងបានចាប់ឃាត់ខ្លួនជនសង្ស័យបាននាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃមង្គល​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ដោយ​រួមជាមួយម៉ូតូមួយគ្រឿង​ដែលជនសង្ស័យលួចយកទៅ ផងដែរ។៕ ដោយ៖ វួច ពឿន