ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សៅ សារ៉ាត់ និង ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដឹកនាំយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត( ស.ស.យ.ក) ចុះជួយជួសជុលផ្ទះស្ត្រីមេម៉ាយទីទាល់ក្រមួយគ្រួសារ ឈ្មោះ ថុន ច្រឹប អាយុ ៤៩ឆ្នាំ រស់នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅ។
ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ បានសំដែងការសោកស្តាយ ចំពោះគ្រួសារបងស្រី ថុន ច្រឹប ដែលជាស្រ្តីមេម៉ាយ ហើយទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្រ្តាក់ដែលធ្វើអោយខូចខាតផ្ទះសំបែង និងខ្វះលទ្ធភាពជួសជុលកែលម្អឡើងវិញ។ ឯកឧត្តមបានមានប្រសាសន៍ថា លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មានការគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែចុះជួយដល់ប្រជាពលរដ្ឋជានិច្ច, ទីណាមានការលំបាក ទីនោះមានការជួយឧបត្ថម្ភ គាំទ្រពីលោកជំទាវ បាន ស្រីមុំ ជានិច្ច។ ជាក់ស្តែងនាឱកាសនេះ ក្រោយពីទទួលបាននូវព័ត៌មានពីការរងគ្រោះរបស់បងស្រី ថុន ច្រឹប ពីខ្យល់កន្រ្តាក់, លោកជំទាវ ក៏បានណែនាំមកក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តប៉ៃលិន ចុះមកជួយអន្តរាគមន៍ ជួសជុលផ្ទះ ជូនដល់បងស្រី ដើម្បីបានរស់នៅសុខស្រួលឡើងវិញ។ ឯកឧត្តម សៅ សារ៉ាត់ ក៏បានណែនាំដល់បងស្រី ថុន ច្រឹប និង បងប្អូន កូនចៅ ត្រូវមានការប្រុងប្រយ័ត្តខ្ពស់ ចំពោះគ្រោះធម្មជាតិ មានខ្យល់កន្រ្តាក់ ទឹកជំនន់ អគ្គីភ័យជាដើម ពិសេសត្រូវប្រយ័ត្នថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត ផឹកស្អាត និងសំរានក្នុងមុងជានិច្ច៕ ដោយ៖ វួច ពឿន