មន្រ្តីនគរបាលនៃអធិការនគរបាលក្រុងប៉ៃលិនចំនួន៤រូបត្រូវបានប្រកាសផ្ទេរភារកិច្ច ចូលកាន់មុខតំណែងថ្មី


ព្រឹកថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០១៨ នៅអធិការដ្ឋាននគបាលក្រុងប៉ៃលិន មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច មន្រ្តីនគរបាលចំនួន៤រូប ក្រោមអធិបតីភាព លោក ស៊ុន យី អភិបាលនៃគណៈអភិបាល​ក្រុង​ប៉ៃលិន និងមានការ​ចូលរួមពីលោក​​អធិការ អធិការងនគរបាលក្រុងប៉ៃលិន លោកចៅសង្កាត់ ព្រមទាំងតំណាងការិយាល័យជំនាញជុំវិញក្រុងជា​ច្រើននាក់​ទៀត។

មន្រ្តីនគរបាលទាំង៤រូប ដែលត្រូវប្រកាសផ្ទេរ ទៅបំពេញភារកិច្ចថ្មី រួមមាន ទី១/ លោកអនុសេនីយ៍ឯក គង់ សំណាង អត្តលេខ១៩០៣០ ពីនាយប៉ុស្ត៍នគរបាលរដ្ឋបាល​សង្កាត់​អូរតាវ៉ៅ ​ទៅជាអធិការរងនៃអធិការ​ដ្ឋាន​នគរបាល​ក្រុងប៉ៃលិន។ ទី២/លោកអនុសេនីយ៍ទោ ជា សុត្រា អត្តលេខ៥៥៦៥៥ ពីនាយរងផ្នែកនគរ​បាលយុត្តិធម៌​ នៃអធិការ​នគរបាលក្រុងប៉ៃលិន ទៅ​ជា​មេ​ប៉ុស្ត៍ស្តីទី នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ។ ទី៣/លោកអនុសេនីយ៍ទោ សុខ រ៉ង អត្ត​លេខ​៦៤៨៨០ ពីនាយរងប៉ុស្ត៍ ទៅជានាយប៉ុស្ត៍នស្តីទី គរបាលរដ្ឋបាលសង្កាត់ប៉ៃលិន។ ៤/លោកអនុសេនី​យ៍ឯក ថី អៀន អត្ត​លេខ​១៩០២៩​ ពីនាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់​ប៉ៃលិន​ មកបំរើការ​ងារផ្នែកសន្តិសុខ នៃអធិការ​ដ្ឋាននគរបាល​ក្រុងប៉ៃលិន។

លោក ស៊ុន យី អភិបាលនៃគណអភិបាលក្រុងប៉ៃលិន​ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរភារកិច្ចថ្មីរបស់​មន្រ្តីនគរបាល គឺជារឿងធម្មតា ដើម្បីជំរុញការងារជំនាញអោយដំណើរការបានរលូនល្អ មានប្រសិទ្ធភាព។ ដូច្នេះមន្រ្តី​នគរបាល​ដែលទើបទទួលបានការផ្ទេរភារកិច្ចថ្មីនេះ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ​ដែលថ្នាក់លើប្រគល់ជូន​អោយបានល្អ មានប្រសិទ្ធភាព, រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ លោកបានណែនាំដល់​មន្រ្តី​នគរបាលទាំងអស់ ត្រូវខិតខំ គោរពនូវវិន័យ បទបញ្ជារបស់ថ្នាក់លើ និងត្រូវមានការអភិវឌ្ឍសមត្ថភាព បច្ចេកទេស​របស់​ខ្លួនជាប្រចាំ ព្រមទាំងមានជំហរស្មារតីសាមគ្គីភាព ឯកភាពគ្នាអោយបានល្អ ទាំងក្នុងស្ថាប័ន និងក្រៅស្ថាប័ន ក្នុងការ​បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការងារ បង្រ្កាប ទប់ស្កាត់នូវបទល្មើសនានា​នៅក្នុងមូលដ្ឋាន​អោយ​មានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ វួច​ពឿន