ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំមន្រ្តីរាជការ ចុះប្រមូលសំរាមនៅតំបន់ជុំវិញបរិវេណជើងភ្នំយ៉ាត ដឹកយកទៅចាក់ចោល


ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន, ឯកឧត្តម ចេង ញ៉ាន់, ឯកឧត្តម ហុក សុផល និង ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ តាមបណ្តាមន្ទីរវិស័យជុំវិញខេត្ត អញ្ជើញចុះប្រមូលសំរាមដែលដាក់ជាគំនរដុំៗ និង​តាមធុងសំរាម នៅតំបន់ជុំវិញអាស្រមធំលោកយាយយ៉ាត នៅនឹងជើងភ្នំយ៉ាត, នៅតាមដងផ្លូវសាធារណៈ និងនៅ​ជុំវិញផ្សាយសាមគ្គី ហៅផ្សារប៉ាហ៊ី ដើម្បីដឹកយកទៅចាក់ចោល​នៅទីលានចាក់សំរាមរបស់ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្រោយថ្ងៃបុណ្យ​ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែររួចមក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយបានបន្សល់ទុកនូវសំរាម​យ៉ាងច្រើន​កកកុញ​នៅតាមធុងសំរាម និងនៅជាគំនរតាមគៀនកោះនានាក្បែរជើងភ្នំយ៉ាត ដែលជារមណីយដ្ឋាន​ប្រវត្តសាស្រ្តមួយ​ដ៏ពេញនិយមរបស់​ខេត្ត​ប៉ៃលិន និងនៅតាមដងផ្លូវនានាក្នុងទីប្រជុំជនខេត្ត ដែលបង្ករជាខ្លឹនស្អុយ ប៉ះពាល់ដល់​សុខភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះយើងចាំបាច់ត្រូវធ្វើការសំអាតសំរាមទាំងអស់នេះ​អោយបានឆាប់​រហ័ស​ ដើម្បី​កែលំអសោភ័ណភាពក្នុងទីក្រុងឡើងវិញ និងរក្សាបាននូវសុខភាពល្អជូប្រជាពលរដ្ឋយើង។ ឯកឧត្តម ក៏បានណែនាំ​ដល់ប្រជាពលរដ្ឋទាំអស់ ត្រូវចូលរួមសំអាតបរិស្ថាន សំអាតបរិវេណជុំវិញលំនៅដ្ឋានរបស់ខ្លួនអោយបានស្អាតល្អ ត្រូវមានធុងសំរាម និងទុកដាក់សំរាមក្នុងធុងអោយបានល្អ មានសុវត្ថភាព ដើម្បីអោយក្រុមហ៊ុន​ដឹកសំរាមដឹកយក​ទៅចាក់ចោល ពិសេសមិនត្រូវបោះសំរាម ឬបោសធូលីចូលក្នុងលូទឹក ដែលបង្ករអោយស្ទះលូនោះឡើយ៕ ដោយ៖ វួច ពឿន