អាជ្ជាធរខេត្តប៉ៃលិន សហការជាមួយព្រះមេគណខេត្តទាំងពីរគណៈ នាំយកអំណោយទៅចែកជូនដល់កងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័ន ក្នុងឱកាសនៃពិធីបុណ្យភ្ជំបិណ្ឌ


ថ្ងៃទី១០​ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តគណៈមហានិកាយ ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះ​មេគណ​ខេត្ត គណៈធម្មយុត្តិកៈនិកាយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទមួយចំនួនទៀត បាននិមន្ត និងអញ្ជើញ​នាំ​យកនូវ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកដោះគោ ត្រីខកំប៉ុង នំអន្សម នំគម និងថវិកា ដែលបាន​ពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ និងជាអំណោយ​ផ្ទាល់​របស់ឯកឧត្តមអភិបាលខេត្ត, ទៅចែកជូនដល់នាយ និងពលទាហាននៃវរសេនាតូចលេខមួយ ចំណុះ​តំបន់ប្រតិប័ត្តកាសឹករងខេត្តប៉ៃលិន, មេបញ្ជាការ បញ្ជាការរងនៃនគរបាល​ការពារ​ព្រំដែនគោក​លេខ​៨២១, និងកងរាជអាវុធហត្ថខេត្តប៉ៃលិន។

អំណោយដែលបានយកទៅចែកជូនដល់កងកំលាំងប្រដាប់អាវុធនាពេលនោះ រួមមាន៖ អង្ករ៣២​ការ៉ុង(១ការ៉ុង=៥០គីឡូក្រាម) , ទឹកសុទ្ធ១៦០យួ, ទឹកក្រូច និងទឹកផ្លែឈើ២៥កេស, ទឹកត្រី និងទឹក​ស៊ីអ៊ីវ៩០យួ, មី៤០កេស, ត្រីខ៧យួ, ទឹកដោះគោ៤០កំប៉ុង, ប្រេងឆា៤យួ, ព្រមទាំងនំអន្សម នំគម នំចេកជាច្រើនទៀត ដែលត្រូវចែកជូនដល់ស្ថាប័ននីមួយៗតាមចំនួននៃនាយ និងពល នៅក្នុង​ស្ថាប័ន​នោះ។​​ ដោយឡែកថវិកាវិញ គឺត្រូវបានផ្តល់ជូនដល់អង្គភាពនគរបាលការពារ​ព្រំដែនគោកលេខ៨២១​ចំនួន១.៥០០.០០០រៀល, អង្គភាពកងរាជអាវុធហត្ថចំនួន១.០០០.០០០រៀល និងអង្គភាពវរសេនា​តូចលេខមួយ ចំណុះតំបន់ប្រតិប័ត្តកាសឹករងខេត្តប៉ៃលិនចំនួន២.០០០.០០០រៀល ព្រមទាំងបានចែក​ជូនដល់នាយ និងពលទាហានទាំងបីស្ថាប័នសរុបចំនួន២៦៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន​ថវិកា២០០០០រៀលផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយ​ដែលបានយកមកចែកជូនដល់នាយ និងពលទាហានទាំងបីស្ថាប័ន ដែលកំពុង​ឈរជើង​ការពារព្រំដែននាពេលនេះ គឺជាស្មារតីសមរភូមិក្រោយ ជួយដល់សមរភូមិមុខ។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ​ព្រះសង្ឃ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ​មិនដែលភ្លេច​ពីគុណូបការៈរបស់វីរកងទ័ព ​ដែល​កំពុង​ឈរជើងការពារព្រំដែននៅជួរខាងមុខនោះឡើយ ហើយតែងតែបានចែករំលែក​នូវធនធានរបស់ខ្លួន​ដើម្បីជួយដល់វីរៈ​កងទ័ពរបស់យើង។ ឯកឧត្តមបានបន្តថាៈ ជាក់ស្តែងការនាំយកនូវអំណោយ​មកចែក​ជូនដល់កងទ័ពជួរមុខរបស់យើងនេះ គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ​ក្រោយពីពិធីបុណ្យភ្ជំបិណ្ឌ​ប្រពៃណី​ជាតិខ្មែររួចមក ដែលអំណោយមួយភាគធំគឺជាការជួយ​ឧបត្ថម្ភរបស់ព្រះសង្ឃ​មកពីបណ្តាវត្តអារាមនានា​ក្នុងខេត្តប៉ៃលិន។ ឯកឧត្តមក៏បានណែនាំដល់នាយ និងពលទាហានទាំងអស់ ត្រូវមានការប្រុង​ប្រយ័ត្ន​ថែរក្សាសុខភាពអោយបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ មានផែនការច្បាស់លាស់ មានប្រសិទ្ធភាព​ក្នុងការរក្សាការពារបូរណភាពទឹកដី ការពារទប់ស្កាត់នូវបទល្មើសឆ្លងដែនអោយមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ វួច ពឿន