អាជ្ញាធរខេត្តប៉ៃលិន សហការជាមួយព្រះមេគណខេត្តទាំងពីរគណៈ នាំយកបាយ ម្ហូប ទៅចែកជូនដល់អ្នកជម្ងឺនៅមន្ទីរពេទ្យ និង អ្នកជាប់ទោសនៅពន្ធនាគារ


ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២, ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃបុណ្យ​ភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ, លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន, ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណ គណៈមហានិកាយខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ គណៈធម្មយុត្តិកៈ​និកាយខេត្តប៉ៃលិន និងជាព្រះចៅ​អធិការ​វត្តសន្តិមារាម ហៅវត្តអូច្រា រួមដំណើរដោយមន្រ្តីរាជការមួយចំនួនទៀត បាននាំយកនូវបាយ ម្ហូប និងនំអន្សម នំគម នំចេក  និងថវិកាមួយចំនួនទៀត  ដែលបានពី​សទ្ធា​ជ្រះ​ថ្លារបស់ប្រជាពុទ្ធបរិស័ទក្នុងឱកាសនៃពិធីបុណ្យភ្ជំបិណ្ឌ, ទៅផ្តល់​ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរ​ពេទ្យបង្អែក​ខេត្ត​ប៉ៃលិន សំរាប់ចែកជូនបន្តដល់អ្នកអ្នកជម្ងឺដែលកំពុងសម្រាក​ព្យាបាល​នៅក្នុងមន្ទីរពេទ្យ និង ផ្តល់ជូនដល់មន្រ្តីពន្ធនាគារខេត្ត ដើម្បីចែកជូនបន្តដល់អ្នកជាប់ទោសនៅពន្ធនាគារខេត្តប៉ៃលិន។

លោក ជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ បាយ ម្ហូប និងនំអន្សម នំគម នំចេក ដែលនាំយកទៅចែកជូនដល់អ្នកជម្ងឺនៅមន្ទីរពេទ្យ និង អ្នកជាប់ទោសនៅ​ពន្ធនា​គារនេះ គឺបានពីវត្តរតនសោភ័ណ ហៅវត្តកោងកាង និងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ដែលប្រជាពុទ្ធបរិស័ទ​យក​មកប្រគេនដល់ព្រះសង្ឃ នាឱកាសនៃ​ពិធី​បុណ្យភ្ជំបិណ្ឌ និងត្រូវបានរៀបចំយ៉ាងស្អាត មានអនាម័យសំរាប់ចែកជូនបន្តទៀត។ លោកជំទាវបានបន្តថា នេះ គឺជា​ទឹកព្រះទ័យដ៏ល្អថ្លៃថ្លារបស់ព្រះសង្ឃ ក្នុងការចូលរួមដល់កិច្ចការសង្គម។ មានចំណីអាហារ សម្ភារៈ លុយកាក់ខ្លះៗ ព្រះសង្ឃក៏មិន​ភ្លេចចែករំលែកដល់ប្រជាពុទ្ធបរិស័ទដែលមានការលំបាកខ្វះខាតនោះឡើយ។ លោកជំទាវក៏បាន​ថ្លែង​អំណគុណដល់ព្រះសង្ឃទាំងពីគណៈ និងប្រជាពុទ្ធបរិស័ទទាំងអស់ និងសូមជូនបុណ្យកុសល និងជូនពរ​សូមអោយបាន​នូវ​​សេចក្តីសុខ សប្បាយរីករាយជួបជុំក្រុមគ្រួសារ សាច់ញាតិ នាឱកាសបុណ្យផ្ជំបិណ្ឌនេះ៕ ដោយ៖ វួច ពឿន