លោកជំទាវ សោ មុនីរ័ត្ន អញ្ជើញកាន់បិណ្ឌវេនទី១៤ នៅមណ្ឌលវិប្បសនាធុរៈខេត្តប៉ៃលិន


ថ្ងៃ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៨  លោក​ជំទាវ សោ មុនីរ័ត្ន អភិបាលរងខេត្ត និងកូនចៅក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ បានអញ្ជើញកាន់បិណ្ឌវេនទី១៤ នៅមណ្ឌលវិប្បសនាធុរៈខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពិធីកាន់បិណ្ឌវេណទី១៤នេះ បានប្រារព្ធធ្វើឡើងចាប់ពីល្ងាចថ្ងៃទី០៧ ខែតុលា និងបញ្ចប់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ទៅតាមទំនៀមទំលាប់​នៃពិធី​បុណ្យ​កាន់បិណ្ឌរបស់ប្រជាពលរដ្ឋខ្មែរ ដោយពេលល្ងាចថ្ងៃទី០៧ ខែតុលា មាន​ពិធី​ថ្វាយផ្កាដល់​ព្រះសម្មាសម្ពុទ្ធ ពិធីថ្វាយបង្គុំព្រះរតនត្រៃ សមាទានសីល និងសម្តែង​ធម៌ទេសនា។ លុះដល់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការប្រគេន​ចង្ហាន់​ព្រឹកដល់ព្រះសង្ឃរួចមក ក៏មានរាប់បាត, និងការវេរប្រគេនចង្ហាន់ត្រង់ ទេយ្យទាន និងបច្ច័យបុណ្យដល់ព្រះសង្ឃ ដើម្បីទុកតម្កល់កសាង​សមិទ្ធផលនានា​ក្នុងវត្ត​ និងការឧទ្ទិសវេថ្វាយនូវបុណ្យកុសល់ជូនដល់​ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានៈ​​មាតាបិតា ជីដូនជីតា ញាតិការតាំងប្រាំពីរសណ្តាន ដែលចែកឋានទៅលោកខាងមុខ។

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត តាម​ប្រពៃណី​ប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់បានលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា​។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ,មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើង​ហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ,​ គ្រប់​បងប្អូនកូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​ ពិធីបុណ្យ​កាន់​បិណ្ឌ ភ្ជុំបិណ្ឌមានអត្ថន័យចំនួន ៣ គឺ ទី១៖ ​ដើម្បីឧទិ្ទសកុសលចំពោះ​បេត​បុគ្គល ឬប្រេត​បុគ្គល។ ទី២៖ ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែល​កើតពី​ផលទាន​របស់ខ្លួន។ ទី៣៖ ដើម្បីបង្កើតសាមគ្គីជាតិ គឺការស្រុះស្រួលគ្នាទាំង​ពេលវេលាកំណត់​ ទាំងការ​ធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងក៏អាចកត់សម្គាល់ នូវពាក្យ​មួយ​ទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជាពលរដ្ឋខ្លះ ព្រោះថាពាក្យ​ទាំង​ពីរនេះ គឺមានន័យដូចគ្នា៕ ដោយ៖ វួច ពឿន