ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបន្តចុះចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។ ការចែកមួកសុវត្ថភាពនេះបានប្រព្រឹត្តិទៅនៅបរិវេណក្បែររង្វង់មូលវិមានឯករាជ្យខេត្តប៉ៃលិន ដោយមានការចូលរួមពី ឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងលោក សៀ ផាន អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមសមត្ថកិច្ចចម្រុះជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងពិធីចែកមួកសុវត្ថិភាពនេះ ដែរឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា៖ ការចែកមួកសុវត្ថិភាពនាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោកជួនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ នូវអត្ថប្រយោជន៍អំពីការពាក់មួកសុវត្ថិភាព និងការគោរពច្បាប់ចរាចរ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ កន្លងមកអាជ្ញាធរខេត្ត ក៍ដូចមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្លាប់បានចុះផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន សិស្សានុសិស្ស កម្មករ កម្មការិនី ក្នុងខេត្តប៉ៃលិនជាច្រើនលើក ច្រើនសារ ហើយយើងនៅតែបន្តទៀតអោយដូចភ្លៀងរលឹម។ ឯកឧត្តម ចេង ញ៉ាន់ ក៍បានសំណូមពរ ដល់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពនូវគោលការណ៍ក្រមសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយ ទី១- មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។ ទី២-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។ ទី៣- មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត។ ទី៤- មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត។ ទី៥- ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត។ ទី៦- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច។ ទី៧- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច។ ទី៨- ត្រូវប្រកាន់ស្តាំជានិច្ច។ ទី៩- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និងទី១០- ត្រូវតែប្រុងប្រយ័ត្នគ្រប់ៗគ្នា ជានិច្ច ក្នុងពេលបើកបរលើដងផ្លូវសាធារណៈ។
សូមបញ្ជាក់ថា៖ ក្នុងការចែកមួកសុវត្ថភាពជូនប្រជាពលរដ្ឋនាឱកាសនោះ គឺមានមួកសុវត្ថិភាពសរុបចំនួន ៤០ និងមានចែកខិតប័ណ្ណស្តីពី បទបញ្ញត្តិសំខាន់ៗនៃច្បាប់រាចរណ៍ផ្លូវគោក ស្ទីកឃ័រចំណាំងផ្លាត និងសៀវភៅច្បាប់ចរាចរផងដែរ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន