ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ ចុះសួសុខទុក្ខ និងនាំអំណោយចែកជូនសមាជិកបក្ស ដែលរងគ្រោះដោយខ្យល់កន្រ្តាក់


ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយភូមិ​ព្រៃសន្ទះ និងភូមិផ្ទះស្បូវ ដឹកនាំដោយលោក អ៊ិត ពេន ជាប្រធានក្រុមការងារ, បានចុះ​សួសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួន ទៅចែកជូនសមាជិក សមាជិការបក្ស ចំនួន ១២គ្រួសារ  ដែលរងគ្រោះ​ដោយខ្យល់កន្រ្តាក់ នៅក្នុងភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

គ្រួសារបក្សដែលរងគ្រោះដោយខ្យល់កន្រ្តាក់ មកទទួលអំណោយនាពេលនោះ រួមមាន៖ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម។ ដោយឡែកគ្រួសារ លោក ដឹក ប៊ុន ធឿន ទទួលបានអង្ករ៥០ គីឡូក្រាម, ចំណែកគ្រួសារលោកស្រី ថុន ច្រឹប ទទួលបាន​អង្ករ៥០ គីឡូក្រាម និងថវិកា៨០០០០រៀល បន្ថែមទៀតផងដែរ ដោយសារគ្រួសារទាំង​ពីរនេះទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ។

លោក អ៊ឹត ពេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ បានមានប្រសាសន៍ថា៖ ការចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមក​ចែកជូនដល់សមាជិក សមាជិការបក្ស ដែលរងគ្រោះ​ដោយធម្មជាតិ ឬ ដោយជីវភាពទីទាល់​ក្រនេះ គឺជា ប្រពៃណីរបស់គ្រួសារគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជន​កម្ពុជា​នៅជាមួយប្រជាជន បំរើប្រជាជន និងតែងតែជួយដល់ប្រជាជនគ្រប់ពេលវេលា ។​ ទីណា​មានទុក្ខលំបាក តែងមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះជួយឧបត្ថម្ភ ជ្រោមជ្រែង មិនអោយប្រជាពលរដ្ឋណាម្នាក់រងទុក្ខលំបាក ដោយមិនមានការជួយសង្គ្រោះនោះឡើយ៕ ដោយ វួច ពឿន