ក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នៃការិយាល័យច្រកចេញចូលតែមួយខេត្តប៉ៃលិន ដែលបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨, អង្គបោះឆ្នោត បានបោះឆ្នោតគាំទ្របេក្ខភាព លោក លឹម សំអាត អតីតជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តប៉ៃលិនដែលបានចូលនិវត្ត, អោយធ្វើជាប្រធានការិយាល័យប្រជាពលរដ្ឋ នៃការិយាល័យច្រកចេញចូលតែមួយខេត្តប៉ៃលិន និងបានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី ហែម ចិន្តា និងលោក ង៉ែត វ៉ាន់នី ធ្វើជាអនុប្រធានការិយាល័យប្រជាពលរដ្ឋ ដោយអ្នកទាំងពីរូបនេះ ទទួលបានសំលេងគាំទ្រស្មើគ្នា។
អង្គបោះឆ្នោតដែលបានចូលរួមបោះឆ្នោតនាឱកាសនោះមាន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត តំណាងអង្គការសុខភាពយើង តំណាងសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងតំណាងអង្គការកុមារកំព្រាក្នុងក្តីសង្ឃឹមថ្មីផងដែរ។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការិយាល័យប្រជាពលរដ្ឋ គឺនៅជាប់គ្នានឹងអង្គភាពច្រកចេញចូលតែមួយ ដែលបង្កើតឡើងក្នុងគោលបំណង ពិនិត្យមើលលើដំណើការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ ជួនដល់ប្រជាពលរដ្ឋ និងជាអ្នកទទួលយកនូវពាក្យបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ដូចជា៖ បណ្តឹងតវ៉ាលើការទាមទារកម្រៃសេវាក្រៅផ្លូវការលើសពីការកំណត់ ក៏ដូចជាការទទួលយកនូវការផ្តល់មតិយោបល់ កែលម្អនានារបស់ប្រជាពលរដ្ឋ លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្តប៉ៃលិនជាដើម។ ប្រជាពលរដ្ឋអាចប្តឹងទៅការិយាល័យប្រជាពលរដ្ឋ អំពីការប្រព្រឹត្តខុសស្គងរបស់មន្ត្រី ដើម្បីឱ្យការិយាល័យនេះធ្វើការស្រាវជ្រាវ សម្រុះសម្រួល ដោះស្រាយ ឬ លើកយោបល់ជូនស្ថាប័ន ឬ អង្គភាពសម៉ី ដើម្បីដាក់ទណ្ឌកម្មដល់មន្ត្រីទាំងនោះ។ ឯកឧត្តមក៍បានផ្តាំផ្ញើរដល់ប្រធាន អនុប្រធានការិយាល័យប្រពលរដ្ឋដែលបានជាប់ថ្មី ត្រូវបំពេញតួនាទីភារៈកិច្ចរបស់ខ្លួន អោយបានត្រឹមត្រូវច្បាស់លាស់ និងត្រូវចេះសហការ សាមគ្គីជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីរអនុវត្តការងារជាក់ស្តែង អោយទទួលបានលទ្ធផលល្អប្រសើ។ ទន្ទឹមនឹងនេះត្រូវមានជំហរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសំរេចចិត្តធ្វើអ្វីមួយ ដោយធ្វើយ៉ាងណាអោយសមស្របតាមច្បាប់គតិយុត្ត របស់រាជរដ្ឋាភិបាល៕ ពិនិត្យ កែសម្រួល៖ វួច ពឿន