ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តអូរដូនតា និងវត្តស្រែអន្ទាក់ ក្នុងស្រុកសាលាក្រៅ


ថ្ងៃ៤រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨  ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន រួមនឹងឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ​មួយចំនួនទៀត បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ ចំនួន ០២វត្ត គឺវត្តអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ និងវត្តស្រែអន្ទាក់ ស្ថិតក្នុងឃុំសាលាក្រៅ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន សំរាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ វេនទី១០ នេះ។

ទេយ្យវត្ថុដែលឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន និងមន្រ្តីរាជការរួមដំណើរ​បាន​យកទៅវេរប្រគេដល់ព្រះសង្ឃនាពេលនោះ រួមមាន៖ ក្នុងមួយវត្តៗ ទទួលបាន អង្ករ ១០០គក្រ, មី ០៥កេស, ទឹកក្រូច ០៥កេស ,ទឹកត្រី ០១យួរ,ទឹកស៊ីអ៊ីវ ០៥យួរ, ទឹកសុទ្ធ ០៥កេស,  ត្រីខ ០១យួរ, ស្ករស ០៥គក្រ, ប៊ីចេង ០៥កញ្ចប់, អំបិល ០៥គក្រ, ត្រីងៀត ១០គក្រ, សាច់ក្រក ១០គក្រ,  ទឹកដោះគោ ០១កេស, និងបច្ច័យចំនួន ៣.៥០០.០០០រៀល ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ្ធ លោកយាយជី តាជី និងព្រះសង្ឃនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បាន​លើកឡើង​​ថា៖​ វិស័យព្រះពុទ្ធសាសនាបានរស់ឡើងវិញនៅក្រោយ​ថ្ងៃជ័យជំនះ ៧មករា​ឆ្នាំ១៩៧៩ បន្ទាប់ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ដួលរលំ​ទៅ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រជាពលរដ្ឋ ពុទ្ធបរិស័ទ កសាង​វត្តអារាម ធ្វើបុណ្យ ធ្វើទាន និងប្រតិប័ត្តនូវប្រពៃណីទំនៀម​ទំលាប់របស់​ព្រះពុទ្ធសាសនា ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋកម្ពុជាតាំពីពេលនោះមក ដែលបាន​នាំមកនូវ​សេចក្តី​សុខ ចំរើនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ដើម្បី​ចូលរួមលើកកម្ពស់ និង​អភិវឌ្ឍន៍វិស័យ ព្រះពុទ្ធសាសនា , ថ្ងៃនេះឯកឧត្តមផ្ទាល់ និង​មន្រ្តីរាជការមួយចំនួនទៀត ​បាននាំយក​នូវទេយ្យទាន និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃ ដើម្បី​ធ្វើជាចង្ហាន់ព្រះសង្ឃ  និងសំរាប់​កសាងសមិទ្ធផលនានាក្នុងវត្តបន្តទៀត ហើយក៏សំរាប់​ឧ​ន្ទិ​សនូវ​កុសលផល​បុណ្យជូន​ដួងវិញ្ញាណខ័ន្ធព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និង ជីដូនជីតា  ​ញាតិ​ការទាំង​៧​សន្តាន ព្រមទាំង​កម្មាភិបាល យុទ្ធជន ដែល​បានពលីជីវិតពីលោកនេះ ទៅកាន់​លោកខាងមុខទៅ​ហើយ​។​ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៍បានមាន​ប្រសាសន៍​ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់​អាយុបោះឆ្នោត, ត្រូវទៅចុះឈ្មោះបោះ​ឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សំរាប់បន្តដឹកនាំ អភិវឌ្ឍន៍សង្គមជាតិអោយមានការរីកចំរើនទៅមុខទៀត។ ម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋយើង​ ក៏ត្រូវចូលរួមលើកម្ពស់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម​និងគោរពនូវច្បាប់ចរាចរណ៍អោយបានខ្ចប់ខ្ជួន ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមានការអាព្យាស្រ័យគ្នាទៅវិញទៅ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន