នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង/ស្រុកលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាឃុំ/សង្កាត់ផងដែរ។
កិច្ចប្រជុំនេះមានរបៀបវរៈ ទី១/ដើម្បីពិនិត្យ និង អនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៣។ ទី២/ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥២។ ទី៣/ពិនិត្យ និងអនុម័តរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៨ និងទី៥/ បញ្ហាផ្សេងៗ។
បន្ទាប់ពីតំណាងរដ្ឋបាលខេត្ត បានអានរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០១៨ រួចមក ក្រុមប្រឹក្សាខេត្តបានលើកយកនូវបញ្ហាប្រឈមនានាដែលកើតមានឡើក្នុងខេត្ត មកពិភាក្សា និងជំរុញអោយគណអភិបាល ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ រកដំណោះស្រាយអោយបានល្អ។ បញ្ហាដែលបានលើកឡើងនាពេលនោះរួមមាន៖ ទី១/បញ្ហាការធ្វើរបាយការណ៏នៅតាមអង្គភាពមន្ទីរជំនាញមួយចំនួននៅមានកាយឺតយ៉ាវ។ ទី២/បញ្ហារថយន្តដឹកដីធ្វើអោយធ្លាក់មកលើផ្លូវ បណ្តាលអោយខូចខាតផ្លូវ និងរថយន្តធនធំបើកលឿន និងដឹកលើសទម្ងន់ ធ្វើប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ។ ទី៣/ប្រជាពលរដ្ឋរស់នៅនៅក្បែភ្នំយ៉ាតបន្តបោះចោលសំរាមចូលទៅក្នុងលូ ដែលបណ្តាលអោយស្ទះលូ។ ទី៤/បញ្ហាទឹកស្អាតនៅតែល្អក់ ធ្វើអោយប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។ ទី៥/បញ្ហាមន្ទីរជំនាញមិនទាន់បានត្រួតពិនិត្យជញ្ជីងថ្លឹងកសិផលនៅតាមបណ្តាសៃឡូ។ ទី៦/បញ្ហាចោលសំរាម ពាសវាលពាសកាលធ្វើអោយប៉ះពាល់បរិស្ថាននៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។ ទី៧/បញ្ហាមន្ទីររ៉ែ និងថាមពល មិនទាន់តបណ្តាញអគ្គីសនីអោយគ្រប់ តាមតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ទី៨/បញ្ហាប្រជាពលរដ្ឋរស់នៅជិតផ្សាព្រំមិនបានរៀបចំសណ្តាប់ធ្នាប់ និងមិនទាន់មានការចតរថយន្ត និងម៉ូតូបានត្រឹមត្រូវ។ ទី៩/ បញ្ហាប្រជាពលរដ្ឋមិនទាន់យល់ដឹង និងមិនទាន់មានការផុលផុសមកការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើតអោយបានគ្រប់ៗគ្នានៅឡើយ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ បញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងនៅពេលនេះ រដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ជំរុញដល់មន្ទីរ អង្គភាពជំនាញ និងអាជ្ជាធរ ដែលជាប់ពាក់ព័ន្ធទាំងអស់ប្រឹងប្រែងដោះស្រាយអោយបានល្អប្រសើ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត និងមន្ទីរវិស័យទាំងអស់កំពុងមានការយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយកំណែទំរង់របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបង្កើនប្រសិទ្ធភាពការងារ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ បានទាន់ពេលវេលា។ ឯកឧត្តមក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ស្ថាប័នទាំងអស់ត្រូវខិតខំ សហការ សាមគ្គីគ្នា អនុវត្តការងារដោយការទទួលខុសត្រូវខ្ពស់ តាមតួនាទី ភារកិច្ចរៀងខ្លួន។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានមានប្រសាសន៍កោត សសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការអនុវត្តការងារភារិច្ចរបស់ខ្លួនបានល្អ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលក្រុមប្រឹក្សាខេត្តបានលើកឡើងកន្លងមក។
ពិសេសការពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋបានល្អ និងខិតខំអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅក្នុងកិច្ចប្រជុំនាឱកាសនេះ ក៏មានបញ្ហាប្រឈមជាច្រើនទៀត ដូចដែលក្រុមប្រឹក្សាខេត្តបានលើកឡើង និងស្នើដល់គណអភិបាល និងអង្គភាពពាក់ព័ន្ធបន្តដោះស្រាយអោយបានល្អជូនប្រជាពលរដ្ឋយើង៕ ពិនិត្យ កែសម្រួល៖ វួច ពឿន