(13-08-2015) ប៉ៃលិន៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិនរួមដំណើរដោយ លោកស្រី សោ មន្នីរ័ត្ន ប្រធានអភិឌ្ឍន៏ជនបទ លោកស្រី ស្រ៊ី ចាន់អេង អនុប្រធានមន្ទីរព័ត៌មាន និងក្រុមការងារជាច្រើននាក់ទៀត បាននាំយកសំភារៈចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ និង១គ្រួសារទៀតស្ថិតក្នុងភូមិឬស្សីលើ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ។
លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន ក្នុងនាម ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានសម្តែងនូវការចូលរួមរំលែកទុក្ខលំបាកជាមួយគ្រួសារក្រីក្រខ្វះខាតស្បៀង និងបងប្អូនមានជម្ងឺប្រចាំកាយ ព្រមទាំងបាន សំណូមពរដល់បងប្អូនទាំងអស់កុំមានការអស់សង្ឃឹមត្រូវប្រឹងប្រែងប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។លោកជំទាវបន្តថា៖ ថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ហើយបាននាំយកអំណោយ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគជួយដល់ប្រជាពលរដ្ឋក្រីក្រជួបឧបត្តិហេតុផ្សេងៗដូចជាៈ គ្រោះភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រីសំរាលកូនមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជាដើម។ជាការពិតណាស់គ្រាន់តែទទួលដំណឹងថាបងប្អូនប្រជាពលរដ្ឋជួបនូវការលំបាកក្នុងជីវភាព ក្រុមការងារបាននាំ យកសំភារៈចែកជូនបងប្អូនភ្លាម។ ទោះបីសំភារៈទាំងនេះមិនអាចឆ្លើយតបការខ្វះខាតគ្រប់ពេលក៏ពិតមែន តែវា អាចដោះស្រាយ ជីវភាពបងប្អូនបានកំរិតផងដែរ។
លោកជំទាវបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់មានអនាម័យនិងត្រូវចេះការពារកូនចៅ ព្រមទាំងក្រុមគ្រួសារ ដើម្បីបញ្ចៀសកុំឲ្យមានជំងឺឆ្លងផ្សេងៗ ដែលតែងតែកើតរាតត្បាតក្នុងរដូវវស្សា ពិសេសដូចជាជំងឺរាក ជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាមជាដើម ។ ក្នុងករណីនេះប្រសិនបើយើងមានការធ្វេសប្រហែសដោយពុំបានការពារទុកជាមុនទេ ក្រុមគ្រួសាររបស់បងប្អូនមាន ជំងឺ ហើយត្រូវចំណាយថវិកាព្យាបាល ខាតបង់ ពេលវេលាសម្រាប់ប្រកបរបររកស៊ី ផងដែរ។
អំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី១យួ ត្រីខ១យួ មី១កេះ ស្ករស ១កញ្ចប់។
[youtube id= “wiekLTQakQs”]