ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាជាតិកម្ពុជា រួមនឹងលោកជំទាវ បាន ស្រីមុំ ជាអនុប្រធាន, បានដឹកនាំគណៈប្រភូជួបប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូរដ្ឋសភាថៃ ដែលដឹកនាំដោយ លោកជំទាវ Bilaibhan Sampatisariប្រធានគណៈកម្មការការបរទេស នៃរដ្ឋសភាថៃ នៅ Memoria Palace រីសត ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីរឹតចំណងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ , កម្ពុជា-ថៃ។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ បានមានប្រសាសន៍ថា៖ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ គឺយើងត្រូវមានកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ស្មើភាព ពិសេសលើការងារនៅតាមបណ្តោយព្រំដែន ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសយើងទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងមូលផងដែរ។ ឯកឧត្តមប្រធានក៍បានមានប្រសាសន៍ថាៈ មានកិច្ចការជាច្រើន ដែលយើងត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាមានដូចជា៖ ការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនថ្មី បញ្ហាពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ការងារបង្រ្កាបការជួញដូរគ្រឿងញៀនឆ្លងដែន ការរត់ពន្ធទំនិញគ្រប់ប្រភេទ ចោរកម្មឆ្លងដែន និងការធ្វើពាណិជ្ជកម្ម នាំចេញ នាំចូល រវាងប្រទេសយើងទាំងពីរផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ក៍បានសំនូមពរដល់សមភាគីថៃ ជួយបង្ករលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជាឆ្លងដែនចេញ-ចូល ទៅព្យាបាលជម្ងឺ នៅក្នុងប្រទេសថៃ ជាពិសេស បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ និងធ្វើដំណើរឆ្លងដែនចេញ-ចូល មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យទាននានា ឬមកចូលរួមការបោះឆ្នោតជាដើម។
លោកជំទាវ Bilaibhan Sampatisari ប្រធានគណៈកម្មការ ការបរទេស នៃរដ្ឋសភាថៃបានមានប្រសាសន៍ថា នឹងខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរនានា របស់គណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន។ លោកជំទាវបានបន្តថា នៅមានបញ្ហាមួយចំនួនទៀត ដែលជាការលើកឡើង និងជាសំណូមពរ របស់រដ្ឋសភាកម្ពុជា លោកជំទាវនឹងធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយអោយបានតាមសំណូមពររបស់កម្ពុជា ក្នុងន័យកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ។ នៅក្នុងឱកាសនោះដែរ លោកជំទាវប្រធានក៍បានមានប្រសាសន៍កោតសសើរដល់គណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា និងអាជ្ញាធរនៅតាមព្រំដែន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងគ្នា រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ ដោយស្មើភាព និងស្មោះត្រង់។
សូមបញ្ជាក់ថា៖ នេះជាលើកទី១ ហើយ ដែលគណៈកម្មការជាន់ខ្ពស់សភាជាតិ នៃប្រទេសទាំង២ កម្ពុជា-ថៃ បានមកជួបប្រជុំពិភាក្សានៅលើទឹកដីខេត្តប៉ៃលិន ដើម្បីរឹតចំណងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន