កងការពារព្រំដែនគោកលេខ៥០៤ទទួលអំណោយពីអង្គភាពសម្ព័ន្ធមេត្រីភាព នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


នៅថ្ងៃទី៣០ ​ខែតុលា ​ឆ្នាំ​២០១៨ គណៈប្រតិភូសម្ព័ន្ធមេត្រីភាព របស់កងការពារព្រំដែនគោកលេខ៥០៤ ដែលដឹកនាំ​ដោយ​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋ មន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិល រួម​ដំណើរដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុន​សណ្ឋា​គារឯករាជ្យ​ បាន​អញ្ជើ​ញ​ចុះ​សាក​សួរ​សុខទុក្ខ ព្រមទាំងនាំយកអំណោយទៅឧបត្ថម្ភជូនដល់នាយទាហាន និងពលទាហាន ក្នុងអង្គ​ភាពកងការពារ​ព្រំ​ដែនគោក​លេខ៥០៤ ស្ថិតក្នុងភូមិសាស្ត្រ​ស្រែ​ម្អម ឃុំសា​លា​​ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ ៥០៤ បានមានប្រសាសន៍ថ្លែងអំណរគុណដល់គណៈប្រតិភូរដ្ឋ​លេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិល ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងកងការពារព្រំដែនគោក៥០៤ ជាញឹកញាប់ អស់រយៈពេល៨ឆ្នាំមកហើយ។ នេះជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការ​អនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីកិច្ចការពារបូរណៈភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់      សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារព្រំដែនទាំងអស់។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជារបស់​សម្តេច សូមនាយទាហាន និងពលទាហាន​ទាំង​អស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពាន​បានជាដាច់ខាត។ ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ។ ទន្ទឹមនេះកងកម្លាំងការពារ​ព្រំដែន​ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាម​ព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា៖ នាឱកាសនោះគណៈប្រតិភូបានឧបត្ថម្ភជូនដល់អង្គភាពកងការពារព្រំដែន លេខ ៥០៤ រួមមាន៖ អង្ករ៥តោន​ ទឹក​ត្រី​១០០យួ ទឹក​ស៊ីអ៊ីវ១០០យួឆាយប៉ូវ១០០គីឡូក្រាម ប្រហុក១០០គីឡូក្រាម ត្រីងៀត១០០គីឡូក្រាម សៀង​​១០០​គីឡូ​ក្រាម ​មីយើង១០០កេះ និងជូនថវិកាដល់អង្គភាព សម្រាប់ទិញសង្ក័សី និងខ្សែរភ្លើង ចំនួន ១៥០០ដុល្លា ព្រមទាំង​ឧបត្ថម្ភដល់នាយទាហាន នាយ​ទាហាន​រង និងពល​ទាហានចំនួន២៤២នាក់ ក្នុងម្នាក់ៗចំនួន ៨ម៉ឺនរៀលផងដែរ៕ ពិនិត្យ កែសម្រួល វួច ពឿន