ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មាន, មន្ទីរប្រៃសណីយ៍ និងប្រជាពលរដ្ឋភូមិទឹកថ្លាអញ្ជើញកាន់បិណ្ឌវេណទី៧ នៅវត្តពោធិមារាម


ថ្ងៃ៦រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨, លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងមន្រ្តីរាជការ​ក្រោមឱវាទ, លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្រ្តីរាជការក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋភូមិទឹកថ្លា​ បានអញ្ជើញកាន់បិណ្ឌ​វេណទី៧ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងឱកាសនោះ​ ​ក៍មាន​ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត សុធា ទីប្រឹក្សារាជ​រដ្ឋា​ភិបាល​ និងលោកជំទាវ គង់ស្តី កើតសុធា ព្រមទាំងលោកជំទាវ ​ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន និង ឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន ផងដែរ។

ពិធីកាន់បិណ្ឌវេណទី៧នេះ បានប្រារព្ធធ្វើឡើងចាប់ពីល្ងាចថ្ងៃទី៣០ ខែកញ្ញា និងបញ្ចប់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ទៅតាមទំនៀមទំលាប់​នៃពិធី​បុណ្យ​កាន់បិណ្ឌរបស់ប្រជាពលរដ្ឋខ្មែរ ដោយពេលល្ងាចថ្ងៃទី៣០ ខែកញ្ញា មាន​ពិធី​ថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធ ពិធីថ្វាយបង្គុំព្រះរតនត្រៃ សមាទានសីល និងសម្តែង​ធម៌ទេសនា។ លុះព្រឹកឡើង ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក៏មានការប្រគេន​ចង្ហាន់​ព្រឹកដល់ព្រះសង្ឃ ពិធីរាប់បាត, ពិធីប្រគេនចង្ហាន់ត្រង់ដល់ព្រះសង្ឃ និងពិធីវេប្រគេន​នូវទេយ្យទាន និងបច្ច័យបុណ្យដល់ព្រះសង្ឃ ដើម្បីទុកតម្កល់កសាង​សមិទ្ធផលនានា​ក្នុងវត្ត​ និងការឧទ្ទិសវេថ្វាយនូវបុណ្យកុសល់ជូនដល់​ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានៈ​​មាតាបិតា ជីដូនជីតា ញាតិការតាំងប្រាំពីរសណ្តាន ដែលចែកឋានទៅលោកខាងមុខ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នេះ​ម្ចាស់ដើមវេណ និងប្រជាពុទ្ធបរិស័ទ​ជិតឆ្ងាយបានវេប្រគេនដល់ព្រះសង្ឃ នូវ អង្ករ៥០គីឡូក្រាម ,មី ,ទឹកក្រូច, ទឹកសុទ្ធ ស្ករស, តែ , ទឹកដោះ​គោ ,និងថវិកាចំនួន ២,៣៦៧.០០០រៀលផងដែរ។

កាន់បិណ្ឌ ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត តាម​ប្រពៃណី​ប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរាជ្យព្រះបាទអង្គឌួងទ្រង់បានលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើតបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ,មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើង​ហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ,​ គ្រប់​បងប្អូន កូនចៅ សាច់ញាតិសន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេសឪពុកម្តាយ​ ដើម្បី​រៀបចំម្ហូបអាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេនព្រះសង្ឃដែល​គង់​នៅវត្តអារាម។​ ពិធីបុណ្យ​កាន់​បិណ្ឌ ភ្ជុំបិណ្ឌមានអត្ថន័យចំនួន ៣ គឺ ទី១៖ ​ដើម្បីឧទិ្ទសកុសលចំពោះ​បេត​បុគ្គល ឬប្រេត​បុគ្គល។ ទី២៖ ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែល​កើតពី​ផលទាន​របស់ខ្លួន។ ទី៣៖ ដើម្បីបង្កើតសាមគ្គីជាតិ គឺការស្រុះស្រួលគ្នាទាំង​ពេលវេលាកំណត់​ ទាំងការ​ធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងក៏អាចកត់សម្គាល់ នូវពាក្យ​មួយ​ទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជាពលរដ្ឋខ្លះ ព្រោះថាពាក្យ​ទាំង​ពីរនេះ គឺមានន័យដូចគ្នា៕

ពិនិត្យ កែសម្រួល៖ វួច ពឿន