ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មូលនីធិដើម្បីជនពិការថៃ-ចិន Can You សហការជាមួយ ក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរ មិនសូវុធខេមរា (KS) , ដឹកនាំដោយលោក មិន សូវុធ ប្រធានក្រុមហ៊ុនទេសចរណ៍មិនសូវុធខេមរា បានរៀបចំអាហារសាមគ្គី និងចែកថវិកាដល់ពលរដ្ឋក្រីក្រជាង ២០០០នាក់ នៅខេត្តប៉ៃលិន សំរាប់ឱកាសបុណ្យកាន់បិណ្ឌវេណទី៤ ស្ថិតនៅក្នុងបរិវេណវត្តសារវ៉ាន់ក្រោម ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូមកពីប្រទេសថៃជាច្រើននាក់ផងដែរ។
លោក មិន សូវុធ ប្រធានក្រុមហ៊ុនទេសចរណ៍ មិនសូវុធខេមរា (KS) បានឱ្យដឹងថា៖ ដោយសារឱកាសនេះ ជារដូវបុណ្យកាន់បិណ្ឌ ទើបលោកបានធ្វើការគៀងគរ ស្វែងរកដៃគូ ដើម្បីជួយដល់ ប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកក្នុងជីវភាព។ ជាមួយគ្នានោះដែរ លោកក៍សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងកើតជម្ងឺផ្សេងៗ ពីព្រោះរដូវមានភ្លៀងធ្លាក់ច្រើន។
ឯកឧត្តមឧត្តមសេនីយ៍ទោ ប៊ន សំអាត បានមានប្រសាសន៍ថា៖ ការធ្វើពិធីជួបជុំអាហារសាមគ្គីនេះ គឺចង់ឱ្យប្រជាពលរដ្ឋមានភាពជិតស្និទ្ធនឹងគ្នា ចេះសាមគ្គីគ្នា ដែលរួមរស់នៅក្នុងដំបូលសុខសន្តិភាពតែមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ឯកឧត្តមក៍បានសន្យាថា៖ កម្មវិធីជួបជុំគ្នានេះ ទើបតែធ្វើនៅក្នុងទឹកដីខេត្តប៉ៃលិនជាលើកទី១ ហើយក្នុងនាមឯកឧត្តម ជាតំណាងឱ្យក្រុមហ៊ុន និងមូលនីធិដើម្បីជនពិការថៃ-ចិន Can You នឹងមានការជួបជុំទទួលអាហារសាមគ្គីនេះ ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋក្រីក្រ ចំនួន ជាង ២០០០នាក់ បន្ទាប់ពីបានទទួលទានអាហារសាមគ្គី ១ពេល គឺទទួលបានថវិការឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន ២ម៉ឺនរៀលផងដែរ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន