អាជ្ញាធរសវនកម្មជាតិ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្មកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តប៉ៃលិន


នៅរមណីយដ្ឋានម៉េម៉ូរីយ៉ាផាឡេស ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ , អាជ្ញាធរសវនកម្មជាតិ បានបើក​សិក្ខា​សាលា ផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ កម្ពុជា ជូន​ដល់​ថ្នាក់​ ដឹកនាំមន្ត្រីរាជការ ក្នុងខេត្តប៉ៃលិនសរុបប្រមាណ១០០នាក់ ដែលពិធីនេះ​ស្ថិត​ក្រោម​អធិប​តីភាព  ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកម្មរងនៃអាជ្ញាធរសវនកម្មជាតិ, និង ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន។

មានប្រសាសន៍ស្វាគមន៍បើកអង្គសិក្ខាសាលា, ឯកឧត្តម ចេង ញ៉ាន់ អភិបាលរង​ខេត្តប៉ៃលិនបានលើកឡើងថា៖ ការផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម កម្ពុជា នាពេលនេះ នឹងជួយអោយមន្រ្តីរាជការ​យើងមានការយល់ជ្រាបកាន់ច្បាស់ពីច្បាប់ ស្តីពីសវនកម្មជាតិ , ស្តង់ដារសវនកម្ម​សាធារណៈ របស់ព្រះរាជាណាចក្រកម្ពុជាយើង។  ដូច្នេះមន្រ្តីរាជការដែលចូលរួមសិក្ខាសាលា​នៅពេលនេះ ​ត្រូវយកចិត្តទុក​ដាក់ស្តាប់ កត់ត្រា និងលើកជាសំនួរអោយបានផុលផុស ដើម្បីបាន​ជាចំណេះ​បច្ចេកទេស ក្នុងការអនុវត្តការងារជាក់ស្តែងទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព។

ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកម្មរង នៃអាជ្ញាធរសវនកម្មជាតិ ​បានមាន​ប្រសាសន៍ថា៖ ការបើកសិក្ខាសាលានៅពេលនេះ​ក្នុងគោលបំណងបង្កើនសមត្ថភាព របស់មន្រ្តីរាជការខេត្តប៉ៃលិនលើច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃកម្ពុជា និងជំនឿទុកចិត្តពីអង្គភាព​សវនកម្ម ក៍ដូចជាពីសំណាក់​សាធារណជន សំដៅ​ជំរុញ​អោយកាន់តែមានតម្លាភាព គណនេយ្យភាព ដែលជាមូលដ្ឋាន​នៃអភិបាលកិច្ចល្អ​លើការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវច្បាស់លាស់។ ឯកឧត្តមក៍បានមានប្រសាសន៍បន្តថា៖ អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជ្យ , មានភារកិច្ចចំពោះ​ការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង និងក្រៅ របស់រាជរដ្ឋាភិបាល ហើយក៏ជាស្ថាប័នកំពូលមួយ ដែលមិនអាចខ្វះបាន ក្នុង​ប្រទេស​នីតិរដ្ឋ។ ដូច្នេះហើយរាល់អង្គភាព មន្ទីរជំនាញក្នុងខេត្តប៉ៃលិន​ទាំងអស់ ​ត្រូវ​សហការ​សាមគ្គី ជាមួយអាជ្ញាធរសវនកម្មជាតិ អោយបានល្អ ដើម្បីពង្រឹកការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង  និងទប់ស្កាត់កំហុសឆ្គង និងក្លែងបន្លំថវិការបស់រដ្ឋបាលសាធារណៈ​ថ្នាក់ជាតិ​ និងក្រោម​ជាតិ អោយមាន​ប្រសិទ្ធិភាពខ្ពស់៕

ពិនិត្យ កែសម្រួល៖ វួច ពឿន