ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានបើកសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំក្នុងការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងដោយមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកមេឃុំ ចៅសង្កាត់ លោកមេភូមិ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាននៅក្នុងខេត្ត ជាសិក្ខាកាមបានចូលរួមសរុបប្រមាណជិត 20០នាក់។
ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងឈឺដោយសារការជក់បារី និងការស្រូបផ្សែងបារី, ក្រសួងសុខាភិបាលបានសហការជាមួយដៃគូពាក់ព័ន្ធ និងបានបង្កើតគណកម្មាធិការត្រួតពិត្យផលិតផលថ្នាំជក់ ដែលមានមន្រ្តីមកពីក្រសួងពាក់ព័ន្ធចំនួ២០ បានចូលរួម ដើម្បីអនុវត្តការងានេះឲ្យមានតម្លាភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថាៈ តាមច្បាប់ បើសិនជាជនណាជក់បារីក្នុងតំបន់ហាមឃាត់ នឹងធ្វើការផាកពិន័យម្នាក់ ២ម៉ឺនរៀល។ លើសពីនេះបើម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ជាដើម ដែលធ្វេសប្រហែសអោយមានអ្នកជក់បានរីក្នុងកន្លែងទទួលខុសត្រូវរបស់ខ្លួន និងត្រូវផាកពិន័យលើម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ឬម្ចាស់សណ្ឋាគារនោះដោយគុណនឹង២។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការប្រើប្រាស់ថ្នាំជក់ ធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក ថ្នាំជក់សម្លាប់មនុស្ស ៧.២លាននាក់ក្នុងមួយឆ្នាំៗ ដោយក្នុងនោះមាន ៨០% នៃអ្នកស្លាប់ទាំងនោះនៅប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សំរាប់ប្រជាពលរដ្ឋកម្ពុជាវិញ តាមការអង្កេតស្រាវជ្រាវរយៈពេល៥ឆ្នាំម្តង ក្នុងចំណោមមនុស្សពេញវ័យអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានបង្ហាញថា ការប្រើប្រាស់ថ្នាំជក់ មានការថយចុះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ សំរាប់បុរស់ គឺចុះ ១៣.៦៨% ពោលគឺ ថយចុះពី៤៨.៩៨% មកនៅត្រឹមតែ ៣៥.៣% , ថយចុះ ៨.៩៣% ចំពោះស្ត្រី ពោលគឺ ពី២០.៥៣% មកនៅត្រឹមតែ ១១.៦%។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយឱ្យកាន់តែសកម្មថែមទៀត ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ និងអ្នកឈឺដោយសារការជក់បារី និងការស្រូបយកផ្សែងបារី។
គួរបញ្ជាក់ផងដែរថា៖ ប្រជាជនកម្ពុជាប្រមាណ២លាននាក់ កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ និងចំណាយថវិកាសម្រាប់ទិញបារីប្រមាណ ២០១.៥លានដុល្លារ និងលើការព្យាបាលជម្ងឺ ព្រមទាំងការបាត់បង់កំលាំងពលកម្មបណ្តាលមកពីជម្ងឺ ដែលបង្កដោយថ្នាំជក់ប្រមាណ ១៦២.៧លានដុល្លារជារៀងរាល់ឆ្នាំ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន