ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមន្រ្តីរាជការអមងំណើរមួយចំនួនទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ២២០គ្រួសារ នៅក្នុងខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាល តែងគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ និងខិតខំរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយមានភាពធូធា សំបូរសប្បាយ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋភិបាលបានយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តមាន៖ ផ្លូវថ្នល់ ប្រឡាយទឹក តភ្ជាប់បណ្តាញអគ្គីសនី ការគៀងគររកដៃគូមកវិន្និយោគ ការផ្តល់ជំនួយមនុស្សធម៌ និងការងារជាច្រើនទៀត ដើម្បីបំរើដល់វិស័យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវខិតខំដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារផងដែរ។
បើតាមរបាយការណ៍របស់ លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយស្បៀងនាពេលនេះ គឺមានចំនួន ២២០គ្រួសារ មកពីឃុំ/សង្កាត់ទាំង ០៨ ក្នុងខេត្តប៉ៃលិន ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូក្រាម៕
ពិនិត្យ កែសម្រួល៖ វួច ពឿន