លោកជំទាវ សោ មុនីរ័ត្ន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តរតនសោភ័ណ្ឌ


ថ្ងៃ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨  លោក​ជំទាវ សោ មុនីរ័ត្ន អភិបាលរងខេត្ត និងក្រុមគ្រួសារ សាច់ញាតិ ,លោក​ជំទាវ សុខ សារី និងក្រុមគ្រួសារ, ថ្នាក់ដឹកនាំ និងមន្ត្រី​នៃមន្ទីរអភិវឌ្ឍន៍​ជន​បទខេត្ត, មន្ទីរ​​​​ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញកាន់បិណ្ឌ​វេនទី១ នៅវត្តរត​នសោភ័ណ្ឌ​ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើនទៀត តាម​ប្រពៃណី​ប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរាជ្យព្រះបាទអង្គឌួងទ្រង់បានលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើតបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ,មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើង​ហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ,​ គ្រប់​បងប្អូន កូនចៅ សាច់ញាតិសន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេសឪពុកម្តាយ​ ដើម្បី​រៀបចំម្ហូបអាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេនព្រះសង្ឃដែល​គង់​នៅវត្តអារាម។​ ពិធីបុណ្យ​កាន់​បិណ្ឌ ភ្ជុំបិណ្ឌមានអត្ថន័យចំនួន ៣ គឺ ទី១៖ ​ដើម្បីឧទិ្ទសកុសលចំពោះ​បេត​បុគ្គល ឬប្រេត​បុគ្គល។ ទី២៖ ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែល​កើតពី​ផលទាន​របស់ខ្លួន។ ទី៣៖ ដើម្បីបង្កើតសាមគ្គីជាតិ គឺការស្រុះស្រួលគ្នាទាំង​ពេលវេលាកំណត់​ ទាំងការ​ធ្វើនំគម អន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងក៏អាចកត់សម្គាល់ នូវពាក្យ​មួយ​ទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជាពលរដ្ឋខ្លះ ព្រោះថាពាក្យ​ទាំង​ពីរនេះ គឺមានន័យដូចគ្នា។

ក្នុង​ឱកាសបុណ្យកាន់បិណ្ឌវេណទី១នេះ សាម៉ីដើមបុណ្យប្រមូលបច័្ចយបាន​ចំនួន​២លាន​រៀល ​សំរាប់​បន្ត​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ និង​បានជូនបច្ច័យដល់​លោកតាជី​ លោកយាយជី​ ចំនួន ៩នាក់​ ដោយក្នុងម្នាក់ៗ​ទទួល​បានចំនួន១០០០០រៀល​ផង​ដែរ​៕

ពិនិត្យ កែសម្រួល៖ វួច ពឿន​