ឯកឧត្តម ហែម ឬទ្ធី ជំរុញអោយក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនុវត្តផែនការយុទ្ធសាស្រ្តជាតិ អោយមានប្រសិទ្ធិខ្ពស់


មានប្រសាសន៍ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត លើវិស័យផ្គត់​ផ្គង់​ទឹក​ស្អាត និងអនាម័យជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន នាព្រឹក​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨, ឯកឧត្តម ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន​បានមាន​ប្រ​សាសន៍​ជំរុញអោយ​ក្រុមការងារបច្ចេកទេស លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវខិត​ខំយក​ចិត្តទុក​ដាក់តាមដាន ​ត្រួតពិនិត្យ​លើសកម្ម​ភាព​ការងាររបស់ខ្លួន អោយបានហ្មត់ចត់ ធ្វើ​យ៉ាងណាអោយការងារនេះសម្រេចបាន ១០០% នៅឆ្នាំ២០២៥។ ឯកឧត្តមបានបន្តថា តាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់​ផ្គង់​ទឹក​ស្អាត និងអនាម័យជនបទ គឺនៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​​​គ្រប់ក្រុមគ្រួ​សារ ​នៅសហគមន៍ជនបទ​មានទឹកស្អាតប្រើប្រាស់ និងរស់នៅដោយមានអនាម័យល្អ។ ឯកឧត្តមក៍បាន​ជម្រុញ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និងអជ្ញាធរពាក់ព័ន្ធ បន្ត​ប្រឹងប្រែងអនុវត្តន៍​ផែនការសកម្មភាព​ខេត្ត ស្តីពី​ការផ្គត់ផ្គង់​ទឹក​ស្អាត និង​លើកកម្ពស់​អនាម័យ​ជនបទ​នេះ ដោយ​ឈរលើការសហការគ្នាល្អ ជាមួយ​អង្គ​ការដៃគូ និងគ្រប់ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើអោយ​ផែនការ​មួយ​នេះ ទទួលបាន​ជោគ​ជ័យ តាម​ការគ្រោងទុក ។

សូមបញ្ជាក់ថា៖ខេត្តប៉ៃលិនបានផ្តល់សេវាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ​បានចំនួន៩០ ភូមិ ស្មើនឹង ៩,១១២ខ្នងផ្ទះ ក្នុងនោះ​មានសង្កាត់​ប៉ៃលិនបានចំនួន១៣ភូមិ សរុប១,៩៦៨ ខ្នងផ្ទះ ,សង្កាត់អូរតាវ៉ៅបាន​ចំនួន​១០​ភូមិ សរុប១,៣៥៣ខ្នងផ្ទះ , សង្កាត់​ទួលល្វាបានចំនួន១១ភូមិ សរុប១.១០៥ខ្នងផ្ទះ, សង្កាត់​បរយ៉ាខាបានចំនួន៧ ភូមិ សរុប​៥៩៩ខ្នងផ្ទះ, ឃុំសាលាក្រៅបានចំនួន៨ភូមិ សរុប៤៩៨​ខ្នងផ្ទះ, ឃុំស្ទឹងត្រង់បាន​ចំនួន​១៦ភូមិ សរុប១,០៦៤ខ្នងផ្ទះ, ឃុំស្ទឹងកាច់​បានចំនួន១៦ភូមិ សរុប២,០១៥ខ្នងផ្ទះ , ឃុំ អូអណ្តូងបានចំនួន៩ភូមិ សរុប៥១០ខ្នងផ្ទះ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន