ឯកឧត្តម ហែម ឬទ្ធីជំរុញអោយក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខិតខំធ្វើអោយសម្រេចឲ្យបានតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុចាញ់នៅឆ្នាំ២០២៥


ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ​បានមានប្រសាសន៍ជំរុញដល់ក្រុមការងារ​ពិសេស​លុប​បំបាត់ជំងឺគ្រុនចាញ់ខេត្ត ត្រូវខិតខំ​លុបបំបាត់ជំងឺគ្រុនចាញ់អោយបានជាស្ថាពរ​នៅឆ្នាំ២០២៥ ដែលជាផែនការ​យុទ្ធសាស្រ្តជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់​។ ​ការថ្លែង​បែបនេះគឺធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ប៉ៃលិន និងការដាក់អោយដំណើរការគម្រោងលុបបំបាត់ជំងឺ​គ្រុនចាញ់ក្នុងប្រទេសកម្ពុជា​(CMEP)​នៅខេត្តប៉ៃលិន , នៅសាលប្រជុំភោជនីយដ្ឋានប៊ែមប៊ូ ស្ថិតក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លង​ទៅនេះ។ ឯកឧត្តមបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្តេជ្ញាខ្ពស់នឹងលុបបំបាត់ជំងឺគ្រុណចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹម​ឆ្នាំ២០២០ និងលុបបំបាត់រាល់ទម្រង់គ្រុនចាញ់នៅដំណាច់ឆ្នាំ២០២៥។ ដូច្នេះភាគីពាក់ព័ន្ធ​ទាំងអស់ និងអង្គការដៃគូរ គម្រោងលុបបំបាត់​ជំងឺគ្រុនចាញ់(CMEP)នៅខេត្តប៉ៃលិន​ត្រូវរួមសហការគ្នា អនុវត្តអោយបានជោគជ័យតាមគោលដៅ​យុទ្ធសាស្រ្តដែលបាន​ដាក់​ចេញនេះ។​ ឯកឧត្តមបានទៀតថា៖ ដើម្បីអោយការងារលប់បំបាត់ជម្ងឺ​គ្រុនចាញ់ទទួលបាន​ជោគជ័យ តាមផែនការ​ យើងត្រូវបន្តផ្សព្វចផ្សាយ ផ្តល់សារ​អប់រំសុខភាព​ និងលើកកម្ពស់​ចំណេះដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីវិធីបង្ការជំងឺគ្រុនចាញ់ ផ្តល់សេវា​ពិនិត្យ​ ព្យាបាលជំងឺគ្រុនចាញ់ និងស្វែងរកជួបប្រជាជនចល័ត ដែលឆ្លងកាត់​ ឬ ចូលមករស់​នៅក្នុង​តំបន់​ និងតាម​ព្រំប្រទល់​ខេត្ត ដើម្បីឆ្លើយតបទៅនឹងជំងឺនេះឲ្យបានទាន់ពេលវេលា។ ​​​​​​​

បើតាមការបញ្ជាក់របស់លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន​បានអោយដឹងថា៖ ករណីកើតជម្ងឺគ្រុនចាញ់បានថយចុះពី ​១៤២ករណី ក្នុងឆ្នាំ២០១៦ មកនៅត្រឹម​ ៨៩ករណីក្នុងឆ្នាំ២០១៧ , ហើយក្នុង ឆ្នាំ២០១៨ គិតត្រឹមខែសីហា មាន​កើតជម្ងឺគ្រុនចាញ់ ៨៣ករណី , ក្នុងនោះមានអ្នកជម្ងឺស្រាលចំនួន ៧៨នាក់ និងធ្ងន់​ចំនួន​៥នាក់។ ចំពោះ​ទម្រង់គ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូម មានការថយចុះផងដែរ ដោយឆ្នាំ២០១៦ មានចំនួន៤៧ ករណី, ចុះមកត្រឹម ២៧ករណី ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គិតត្រឹមខែសីហា មាន៩ ករណី។ អង្គការដៃគូលុបបំបាត់ជំងឺគ្រុនចាញ់ចំនួនចំនួន០១គឺអង្គការ URC ឬអង្គការ​គម្រោង​កម្ចាត់​ជំងឺ​គ្រុនចាញ់នៅកម្ពុជា (CMEP)៕

ពិនិត្យ កែសម្រួល៖ វួច ពឿន