គណៈកម្មការទី២ព្រឹទ្ធសភា ជួបប្រជុំមួយអភិបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធស្វែងយល់ពីការអនុវត្តថវិកា ការអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តប៉ៃលិន


ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំ​ដោយ​ឯកឧត្តម ជា ជេដ្ឋ ជាប្រធាន, បានអញ្ជើញ​ជួបប្រជុំជាមួយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សាខាគយ និងរដ្ឋាករ, សាខាពន្ធដារ និង រតនាគារខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត, នៅសាល​ប្រជុំសាលា​ខេត្ត​ប៉ៃលិន ​, ដើម្បីសិក្សាស្វែងយល់លើបញ្ហាមួយចំនួនរួមមាន៖ ទី១-ការអនុវត្ត​គោលនយោ​បាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង ការអនុវត្តលទ្ធិ​ប្រជាធិប​តេយ្យ​​នៅថ្នាក់​ក្រោមជាតិ។ ទី២-ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ ការធ្វើគម្រោងអភិ​វឌ្ឍមូលដ្ឋាន និងការ​ប្រើប្រាស់មូលនិធិឃុំ សង្កាត់ (រជ្ជទេយ្យបុរេប្រទាន)។ ទី៣-សមត្ថភាព​ក្នុងការកសាង និង​អនុវត្តគម្រោងអភិវឌ្ឍថ្នាក់ក្រុង/ស្រុក/ខណ្ឌ និងឃុំ/ សង្កាត់។ ទី៤-ការ​ពង្រឹងសមត្ថភាព​ក្នុងការប្រមូលចំណូលថវិកាជាតិ សំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់​បន្ថយភាពក្រីក្រ និង ទី៥-ការអនុវត្តគោលន​យោ​​​បាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបាន​មានប្រសាសន៍​ថា៖ ខេត្តប៉ៃលិន ជាខេត្តមួយមានសក្តានុពលលើវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ រដ្ឋបាលខេត្តប៉ៃលិន​មានកិច្ចសហប្ររតិបត្តិការល្អ​ជាមួយខេត្តចាន់បូរី ប្រទេសថៃ, ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តប៉ៃលិន ក្នុងកិច្ចការងារទំនាក់​ទំនង​ព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ និងការងារចេញ-ចូល ឆ្លងកាត់ព្រំដែន​របស់ប្រជាពលរដ្ឋ​នៃប្រទេសទាំងពីរ។ ឯកឧត្តមបានបន្តថា ខេត្តប៉ៃលិនមានផលិតផលមៀនប៉ៃលិន ដែលទទួលបាន​ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស និងក្រៅប្រទេស​ដែលបានកំពុងបង្កើន​ជីវភាព​ប្រជាពល​រដ្ឋកាន់តែល្អប្រសើរ។ ទន្ទឹមនេះខេត្តប៉ៃលិន ត្រូវបានក្រុមហ៊ុន​បរទេស​មួយចំនួន កំពុង​មានការ​ចាប់អារម្មណ៍ មកដាក់វិនិយោគ កសាងរោងចក្រប្រមូល​ទិញ​កសិផល​​ពីបងប្អូនប្រជា​ពលរដ្ឋ មាន៖ ពោត ដំឡូងមី ស្វាយកែវរមៀត មៀនប៉ៃលិន​ ក៏ដូចជា ការវិនិយោគលើផ្នែក​រម្មណីយ៍ដ្ឋានទេសចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍​មកស្នាក់នៅ លេង​កំសាន្ត​នៅខេត្តប៉ៃលិន។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត និង​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ក៏មានការយកចិត្តទុកដាក់បំពេញកាតព្វកិច្ច​បម្រើសេវាសាធារ​ណៈជូន​ប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល​។ ចំពោះ​បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម​វិញ គឺ ​រដ្ឋបាលខេត្ត​ រដ្ឋបាលក្រុង /​ស្រុក, ឃុំ /សង្កាត់ និង ស្ថាប័នមានសមត្ថកិច្ចគ្រប់​​​​​​​គ្រប់ផ្នែក មានការសហការគ្នា រក្សា និង​គ្រប់គ្រង​បានល្អប្រសើ ជូនដល់ប្រជាពលរដ្ឋ​ ពិសេស​នៅមុនដំណើរការបោះឆ្នោត ​និង​ក្រោយ​ដំណើរ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ កាលពីពេលថ្មីៗនេះ។ រដ្ឋបាលខេត្ត ក៏បានបង្កើតអោយមានប្រជាការពារភូមិនៅតាមមូលដ្ឋាន សរុបចំនួន ៥០២នាក់ ទូទាំងខេត្ត​ប៉ៃលិន ក្នុងការចូលរួមចំណែកកសាង ការពារ សុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាម​មូលដ្ឋាន។

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ​បានមានប្រសាសន៍​កោត​សរសើ​​​​ពីការរីកចំរើនរបស់ខេត្តប៉ៃលិន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត។​ ឯកឧត្តមបានមានប្រសាសន៍ថា បញ្ហា​សន្តិសុខ សុវត្ថភាពសង្កម គឺជាមូលដ្ឋានគ្រិៈនៃការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ដូច្នេះ គោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ​គឺជាគោលដៅដែល​យើងត្រូ​វ​តែអនុវត្តអោយបានល្អប្រសើ នៅក្នុងមូលដ្ឋានរបស់យើង។ ឯកឧត្តមបានកោត​សសើរដល់​អាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាន​ខិតខំពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការ​ល្អ លើការងារទំនាក់ទំនងព្រំដែនជាមួយភាគីថៃ ដែលធ្វើអោយព្រំដែនប្រកប​ដោយសុខ​សន្តិភាព និងការអភិវឌ្ឍន៍នៅតាមព្រំដែនប្រទេសទាំងពីរ។ ចំពោះការបម្រើសេវា​សាធារណៈ​ជូន​បងប្អូនប្រជាពលរដ្ឋវិញ ឃើញថា រដ្ឋបាលខេត្ត​ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអង្គភាពពាក់ព័ន្ធ​ អនុវត្ត​បានល្អប្រសើ​ គួយកជាខេត្តគម្រូ សម្រាប់ខេត្ត‌ ក្រុងដទៃទៀត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន